(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ ទើបតែអនុម័តឲ្យក្រុមហ៊ុនមួយ ដែលវិនិយោគទឹកប្រាក់៣.១លានដុល្លារ បើករោងចក្រផលិតម៉ាស និងកាបូបនៅកម្ពុជា។
យោងតាម Facebook ផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា រោងចក្រថ្មីមួយនេះ នឹងបើកនៅក្នុងសួនឧស្សាហកម្មវឌ្ឍនៈ២ តាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលអាចស្រូបយកកម្លាំងពលកម្មថ្មី ៩១៥កន្លែង។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «តាមសំណើសុំវិនិយោគ លើគម្រោងបង្កើតរោងចក្រផលិតកាបូប និងម៉ាសគ្រប់ប្រភេទ របស់ក្រុមហ៊ុន HK BURLTEX MANUFACTORY CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិត នៅសួនឧស្សាហកម្មវឌ្ឍនៈ២ អគារលេខ ៩ ផ្លូវជាតិលេខ៣ ភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៣.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៩១៥កន្លែង»។
សូមជម្រាបថា នៅគ្រាដែលប្រទេសនានានៅលើពិភពលោក កំពុងតែទទួលរងគ្រោះនូវបញ្ហាការរីករាលដាលនៃជំងឺ Covid-19 ធ្វើឲ្យតម្រូវការប្រើប្រាស់ម៉ាស ក៏មានចំនួនកើនឡើងយ៉ាងគំហុក ដែលធ្វើឲ្យតម្លៃម៉ាសមានកើនឡើងខ្ពស់៕