(ភ្នំពេញ)៖ ដោយមើលឃើញពីតម្រូវការសំភារៈប្រើប្រាស់បន្ទាន់ ក្នុងបេសកកម្មបង្ការ និងទប់ស្កាត់ការរាតត្បាតមេរោគផ្លូវដង្ហើមថ្មី កូវីដ១៩ របស់ក្រសួងសុខាភិបាល មន្ទីរសំរាកព្យាបាល កម្ពុជា បានឧបត្ថម្ភសំភារៈចាំបាច់ដែលរួមមានម៉ាស់ចំនួន ១០០០០ម៉ាស់ ស្រោមដៃ ២៥០០០គូ អាល់កុល១៥០០លីត្រ និងម៉ាស៊ីនវាស់កំដៅស្វ័យប្រវត្តិ ១០គ្រឿង ដែលសរុបជាទឹកប្រាក់ប្រមាណ ១០,០៥០ដុល្លារអាមេរិក។

លោក ហោ សំណាង អគ្គនាយកមន្ទីរសំរាកព្យាបាល កម្ពុជា មានថ្លែងថា «ក្នុងនាមជាមន្ទីរពេទ្យ ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រុមវេជ្ជបណ្ឌិត និងមន្ត្រីគ្រប់ជាន់ថ្នាក់ដែលបានខិតខំប្រឹងប្រែងក្នុងការព្យាបាល និងទប់ស្កាត់ការរាតត្បាតបន្ថែម ព្រមទាំងមានចំណាត់ការដោយយកចិត្តទុកដាក់បំផុតដើម្បីធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិ»

ក្នុងឱកាសប្រគល់សំភារៈ នៅទីស្តីការក្រសួងសុខាភិបាលនាព្រឹកនេះ លោកក៏បានឆ្លៀតឱកាសគោរពជូនពរថ្នាក់ដឹកនាំទាំងអស់ ប្រជាពលរដ្ឋ ឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងបេសកកម្មមួយនេះ ហើយសង្ឃឹមថាអ្នកវិទ្យាសាស្ត្រអាចរកថ្នាំព្យាបាល ឬវ៉ាក់សំាងការពារការឆ្លងបានជោគជ័យឆាប់ៗ៕