(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសថា កម្ពុជា បានត្រៀមបន្ទប់ជាង៣,០០០បន្ទប់រួចរាល់ហើយ ដើម្បីដាក់អ្នកឆ្លងជំងឺ COVID-19 នៅកម្ពុជា។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រយុទ្ធប្រឆាំងជំងឺ COVID-19 ប្រមាណ៤០០នាក់ នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា បន្ទប់ដែលបានត្រៀមនេះមានទាំងនៅមន្ទីរពេទ្យ, សណ្ឋាគារ, សាលារៀននៅទូទាំងប្រទេសកម្ពុជា ដើម្បីពិនិត្យព្យាបាលអ្នកជំងឺ COVID-19។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥលូវនេះគ្រាន់តែបន្ទប់សម្រាប់ត្រៀមបម្រុង ដោះស្រាយបញ្ហានេះ (COVID-19) បានកើនឡើងជាង៣,០០០បន្ទប់ នៅទូទាំងប្រទេស បន្ទាប់ពីមានបទបញ្ជាហើយដែលក្នុងនោះ មានសណ្ឋាគារ មានទាំងសាលារៀន ដែលភាគច្រើនជានិវេសនដ្ឋានគ្រូបង្រៀន និងរបស់សិស្សដែលពេលនេះសាលាទាំងអស់ត្រូវបានផ្អាក»។
សម្ដេចតេជោ ហ៊ុន សែន ក៏ស្នើឲ្យមានការបែងចែកទីតាំងក្នុងបន្ទប់នេះ ទី១៖ ទីតាំងដែលអ្នកជំងឺឆ្លងហើយ ត្រូវរៀបចំទីតាំងពេទ្យដើម្បីព្យាបាលតែម្ដង ដោយត្រូវរៀបចំឧបករណ៍សង្គ្រោះឲ្យបានគ្រប់គ្រាន់ សម្រាប់ព្យាបាលអ្នកដែលឆ្លងរួចហើយ ដដែលសម្ដៅទៅលើមន្ទីរពេទ្យរួចហើយ និងបូកបន្ថែមជាមួយកន្លែង ដែលត្រៀមធ្វើទៅជាមន្ទីរពេទ្យ។ ទី២៖ ទីតាំងដាក់ឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ មុនដឹងលទ្ធផល ដែលមិនចាំបាច់មានឧបករណ៍ទៀតនោះទេ។
គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីប៉ុន្មានថ្ងៃមុននេះ បានចេញបទបញ្ជាថ្មី និងបន្ទាន់មួយទៅកាន់អភិបាខេត្តទាំង២៤ ឲ្យរៀបចំសណ្ឋាគារ ផ្ទះសំណាក់ សាលារៀន និងមជ្ឈមណ្ឌលបណ្តុះបណ្តាលមួយចំនួន ទុកសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ១៩ (COVID-19)។
តែទោះជាយ៉ាងសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំឲ្យយកសាលារៀន សម្រាប់ផ្តល់សេវាការព្យាបាលអ្នកជំងឺ១៩ ក្នុងករណីមិនមានសណ្ឋាគារ ឬអគារដទៃ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា អភិបាលខេត្តទាំងអស់ត្រូវធ្វើការងារនេះជាបន្ទាន់។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំ និងបញ្ជាឲ្យប្រមូលកម្លាំងខិតខំតទឹក តភ្លើង រៀបចំបន្ទប់អនាម័យទៅតាមសាលារៀន ដែលនឹងត្រូវយកទៅ ព្យាបាលជំងឺនេះ។ សម្តេចតេជោ ក៏បានណែនាំផងដែរថា ត្រូវរៀបចំកន្លែងព្យាបាលដោយប្រមូលផ្តុំមួយកន្លែង ឬពីរកន្លែងសម្រាប់ខេត្តដែលធំ។
សូមបញ្ជាក់ថា បន្ទាប់ពីទទួលបាននូវបទបញ្ជានេះ អភិបាលរាជធានី-ខេត្តទាំង២៥ បានចាប់ផ្តើមរើសយកសណ្ឋាគារ និងសាលារៀន ព្រមទាំំងមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈមួយចំនួន សម្រាប់ធ្វើជាកន្លែងព្យាបាលជំងឺកូវីដ១៩នេះ។
គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ នៅកម្ពុជា បានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួនសរុប៩៣នាក់។ ក្នុងចំណោមនោះក៏មានអ្នកជំងឺ៦នាក់ បានជាសះស្បើយផងដែរ ដែលមានជនជាតិចិន១នាក់ ជនជាតិអង់គ្លេស១នាក់ និងជនជាតិខ្មែរ៤នាក់៕