(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជាឲ្យស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវធ្វើយ៉ាងគ្រប់គ្រងជាបន្ទាន់នូវពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃចូលកម្ពុជា ដើម្បីឲ្យពួកគេអនុវត្តន៍វិធានការដាក់ខ្លួនឯង ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។
សម្តេចតេជោបញ្ជាក់ថា ការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក មិនសំដៅដល់ការយកពលករទាំងនោះ ទៅក្រុងទុកនោះទេ ប៉ុន្តែគឺជាការដាក់ខ្លួនឯងនៅក្នុងផ្ទះ ដោយមិនឲ្យប៉ះពាល់ជាមួយសមាជិកគ្រួសារ និងតាមដានសុខភាពជាប្រចាំ ហើយប្រសិនមានការសង្ស័យ ត្រូវរាយការណ៍អាជ្ញាធរ ឬមន្ត្រីសុខាភិបាល។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជា៤០០នាក់ នៅវិមានសន្តិភាព មុននឹងពួកគេចេញបេសកកម្មជាមួយ ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
ដើម្បីអំពាវនាវឲ្យពលករខ្មែរ ដែលទើបត្រឡប់ពីប្រទេសថៃវិញ អនុវត្តន៍វិធានការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក សម្តេចបានលើកទឹកឲ្យប្រើប្រាស់មធ្យោបាយឃោសនា ដោយរថយន្ត ម៉ូតូ និងម៉ូតូកង់បី បំពាក់ឧបករណ៍បំពងសំឡេង ផ្សព្វផ្សាយតាមខ្នងផ្ទះ ទីប្រជុំជនជាដើម។
សម្តេចប្រធានគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានចេញបទបញ្ជាយ៉ាងដូច្នេះថា «ត្រូវគ្រប់គ្រងជាបន្ទាន់ នូវពលករមកពីប្រទេសថៃ ដែលបានចូលរួចមកហើយ តាមគ្រប់គ្រងអ្នកទាំងអស់នោះ ដែលប្រគល់ការងារនេះ ឲ្យអជ្ញាធរខេត្ត រៀបចំបណ្តាញចុះ ដើម្បីដាក់ឲ្យនៅដោយឡែកនៅតាមផ្ទះ។ ក្នុងប៉ុន្មានថ្ងៃកន្លងទៅនេះ ខ្ញុំមានការលើកទឹកចិត្តណាស់ ម្សិលមិញគ្រប់មធ្យោបាយនៃការឃោសនា គឺត្រូវបានធ្វើដោយរថយន្តក្តី ដោយម៉ូតូក្តី ដោយកង់បីក្តី ដាក់មេក្រូស្រែកតាមភូមិ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «សូមអំពាវនាវដល់បងប្អូនកុំមានការភ័យខ្លាច អ្នកខ្លះខ្លាចគេយកទៅក្រុងទុក ឥឡូវបើមិនចង់ឲ្យគេយកទៅក្រុងទុក នៅតែក្នុងផ្ទះ កុំដើរទៅណា ដាក់ខ្លួនឯងឲ្យដាច់ ហើយបើមានប្រពន្ធកូន កុំអាលទៅជិតប្រពន្ធកូន ខ្លាចឆ្លងដល់ប្រពន្ធកូន»។
សូមជម្រាបថា បើតាមការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ម្សិលមិញ មានពលករខ្មែរមកពីប្រទេសថៃប្រមាណ១៥,០០០នាក់ បានត្រឡប់មកកម្ពុជាវិញ។
ដើម្បីរួមគ្នាបង្ការទប់ស្កាត់ ការរីករាលដាលជំងឺ Covid-19 នៅប្រទេសកម្ពុជា ក្រសួងសុខាភិបាល បានបញ្ចេញវិដេអូសារអប់រំជាអាទិភាពសំខាន់ៗ សម្រាប់បងប្អូនប្រជាពលរដ្ឋអនុវត្តន៍។
ទស្សនាវិដេអូសារអប់រំអាទិភាពសំខាន់ៗចំនួន៣ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការរីករាលដាលជំងឺ Covid-19៖
១៖ អ្នកមកពីបរទេស សូមនៅតែក្នុងផ្ទះក្នុងរយៈពេល១៤ថ្ងៃ ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ ចាប់ពីថ្ងៃចូលមកប្រទេសកម្ពុជាវិញ។
២៖ ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយ ក្នុងចំណោមសញ្ញាដូចជា៖ គ្រុនក្តៅយ៉ាងតិច៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសផ្សេងទៀត ក្រៅពីកម្ពុជា សូមទាក់ទងលេខទូរស័ព្ទ ១១៥ជាបន្ទាន់។
៣៖ ប្រសិនបើលោកអ្នកបានប៉ះពាល់ ឬមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ដែលបញ្ជាក់ពីមន្ទីរពិសោធន៍ថាវិជ្ជមាន សូមទាក់ទងទូរស័ព្ទលេខ ១១៥ ជាបន្ទាន់ ដើម្បីទទួលការពិគ្រោះយោបល់ថែទាំសុខភាពអ្នក៕