(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវសារអប់រំស្តីពីការការពារជំងឺ ខណៈបច្ចុប្បន្ននេះ កំពុងតែរីករាលដាលនៅក្នុងប្រទេសកម្ពុជា។
ការស្នើបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញ ជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រយុទ្ធប្រឆាំងជំងឺ COVID-19 ប្រមាណ៤០០នាក់ នៅវិមានសន្តិភាព។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើយ៉ាងដូច្នេះថា៖ «វិទ្យុ ទូរទស្សន៍ និងបណ្តាញឃោសនាទាំងអស់ ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ ឱ្យបានញឹកញាប់ ក្រសួងសុខាភិបាល ចេះតែផលិត ផលិតសម្រាប់វិទ្យុ ទូរទស្សន៍ផង ផលិតសម្រាប់យកទៅផ្សព្វផ្សាយតាមសារព័ត៌មាននានា ទាំងតាម Facebook ទាំងតាម Online ទាំងតាមកាសែត»។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏ណែនាំដល់ក្រុមហ៊ុនទូរស័ព្ទចល័តទាំង៤ក្រុមហ៊ុន រួមមាន៖ Cellcard, Smart, Metfone និង ស៊ីតែល ឱ្យបញ្ចូលសារអប់រំពីការការពារជំងឺកូវីដ១៩នេះ ទៅក្នុងខលធូន (Call Tune) នៅពេលដែលទូរស័ព្ទរោទិ៍ ដោយមានការបញ្ចូលសារសំលេងទាំងបុរស និងស្ត្រី «បញ្ជាក់ថាយើងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺ COVID-19» តាមការណែនាំរបស់ក្រសួងសុខាភិបាល។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋមេត្តាកុំធុញនឹងសារសំលេងពាក់ព័ន្ធនឹងសារអប់រំ លើករណីវីរុស COVID-19 នេះឱ្យសោះ ហើយសូមប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ទាំងអស់គ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល។
នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលគ្មានផែនការបិទផ្សារ អាហារដ្ឋាន ហាងកាហ្វេ និងគ្មានផែនការបិទរោងចក្រនោះឡើយ។ បន្ថែមពីនេះសម្តេច ប្រកាសថា រាជរដ្ឋាភិបាល មិនបិទពិធីបុណ្យចូលឆ្នាំនោះឡើយ តែកុំប្រមូលផ្តុំច្រើនពេក។ ដូច្នេះ សម្រាបការប្រកួតប្រដាល់ត្រូវបានស្នើសុំផ្អាកសកម្មភាពចាប់ពីសប្តាហ៍នេះតទៅ ជាមួយគ្នានេះដែរ សម្តេចក៏ស្នើសុំកុំឱ្យប្រើអបិយជំនឿ ដើម្បីបណ្តេញជំងឺកូវីដ១៩។
សូមបញ្ជាក់ថា គិតរហូតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួនសរុប៩៣នាក់ ក្នុងចំណោមនោះក៏មានអ្នកជំងឺ៦នាក់ បានជាសះស្បើយផងដែរ ដែលមានជនជាតិចិន១នាក់ ជនជាតិអង់គ្លេស១នាក់ និងជនជាតិខ្មែរ៤នាក់៕