(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានហាមប្រាមចំពោះគ្រូបង្រៀនទាំងអស់ មិនឱ្យបង្រៀនគួរដល់សិស្សជាដាច់ខាត ដែលនេះក៏ជាវិធាការមួយក្នុងការចូលរួមប្រយុទ្ធនឹងជំងឺ COVID-19 ផងដែរ ប្រសិនបើអ្នកណាមិនអនុវត្តតាមបទបញ្ជានេះទេ នឹងត្រូវរងនូវចំណាត់ការដោយគ្មានការលើកលែង។
ការហាមប្រាមយ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រយុទ្ធប្រឆាំងជំងឺ COVID-19 ប្រមាណ ៤០០នាក់ នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។
គួរបញ្ជាក់ថា ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺផ្លូវដង្ហើមថ្មី COVID-19 រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទដំណើរការបង្រៀននៅទូទាំងប្រទេស ចាប់ពីថ្នាក់មត្តេយ្យរហូតដល់ឧត្តមសិក្សា ដោយបានដាក់ចេញបទបញ្ជាឱ្យចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងគ្មានការលើកលែងឡើយ។
ប៉ុន្តែទោះបីជារាជរដ្ឋាភិបាលបានដាក់ចេញវិធានការនេះក្ដី ក៏នៅតែមានគ្រូខ្លះមិនត្រឹមតែមិនអនុវត្តតាមទេ ថែមទាំងលួចបង្រៀនគួរថែមទៀត រហូតដល់មានការបែកធ្លាយសារអេឡិចត្រនិកដឹងដល់សម្ដេចតេជោ ហ៊ុន សែន ជាហេតុធ្វើឱ្យសម្ដេចបញ្ជាក់ពីវិធានការខាងលើសាជាថ្មីឡើងវិញ ដើម្បីជំរុញឱ្យលោកគ្រូអ្នកគ្រូគ្រប់គ្នានៅទូទាំងប្រទេសចូលរួមអនុវត្តឱ្យបានដាច់ខាត។
មិនតែប៉ុណ្ណោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានព្រមានខ្លាំងៗទៅកាន់គ្រូបង្រៀនដែលលួចបង្រៀនគួរនោះថា នឹងចាត់វិធានការតឹងរឹងចំពោះទង្វើផ្ទុយនឹងបទបញ្ជានេះ។ បើតាមការទម្លាយរបស់សម្ដេចតេជោ គ្រូបង្រៀនទាំងនោះគឺនៅក្នុងក្រុមគ្រូបង្រៀនឯករាជ្យ។ សម្ដេចបានបន្តថា មកដល់ដំណាក់កាលនេះហើយ មិនអាចឱ្យក្រុមឯករាជ្យណាមកតាំងខ្លួនអនុវត្តផ្ទុយនឹងបទបញ្ជារបស់រាជរដ្ឋាភិបាលបាននោះឡើយ។
សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំទទួលបានសារសំឡេងមានការប៉ុនប៉ងបើកបង្រៀនគួរ, វាមិនត្រឹមត្រូវទេ, បើគង់តែបើកបង្រៀនគួរបាន គេចាំបាច់បិទសាលាធ្វើអី, ហាមដាច់ខាតការបើកបង្រៀនគួរ»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាឱ្យបញ្ជូនសារអេឡិចត្រនិករបស់គ្រូដែលលួចបង្រៀនគួរនោះ ទៅលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយសម្ដេចបានបញ្ជាឱ្យលោក ហង់ ជួនណារ៉ុន ចាត់ការទប់ស្កាត់សកម្មភាពផ្ទុយពីការអំពាវនាវរបស់រាជរដ្ឋាភិបាលនេះឱ្យបាន។
នាឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់មាតាបិតា អាណាព្យាបាលសិស្សទាំងអស់ នៅកំលុងពេលបិទសាលានេះ ត្រូវខិតខំបង្រៀនកូនចៅនៅក្នុងផ្ទះ ហើយប្រសិនបើបង្រៀនតាមប្រព័ន្ធអនឡាញបាន ក៏ត្រូវតែធ្វើឱ្យបានច្រើនបំផុត៕