(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ ស្នើសុំប្រជាពលរដ្ឋទូទាំងប្រទេស សុំកុំឲ្យប្រើអបិយជំនឿ ដើម្បីបណ្តេញជំងឺកូវីដ១៩ ដូចជាការអុចភ្លើងជាដើម ព្រោះវាអាចបង្កនូវហានិភ័យខ្ពស់។
ការស្នើសុំបែបនេះបានធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រយុទ្ធប្រឆាំងជំងឺ COVID-19 ប្រមាណ៤០០នាក់ មុននឹងពួកគេចេញបេសកកម្ម ជាមួយក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ។
ថ្លែងនៅចំពោះមុខ គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រយុទ្ធប្រឆាំងជំងឺ COVID-19 ប្រមាណ៤០០នាក់នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវ សូមកុំប្រើអបិយជំនឿ ដើម្បីបណ្ដេញកូវីដ១៩»។ សម្ដេចតេជោ ចាត់ទុកសកម្មភាពបែបនេះ វាងាយនឹងបង្កហានិភ័យខ្ពស់ណាស់។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសូមឲ្យអាជ្ញាធរចុះចែកម៉ាស់ ឬក្រមារឲ្យប្រជាពលរដ្ឋតាមបណ្តាខេត្ត បើអាចធ្វើបានផងដែរ។
បន្ថែមពីនោះទៀត សម្តេចតេជោ ហ៊ុន សែន បានប្រកាសអាចនឹងបិទកន្លែងលក់ម៉ាសណា ដែលលក់តម្លៃថ្លៃជ្រុលហួសហេតុ ហើយនឹងអាចនឹងបិទ មិនឲ្យធ្វើអាជីវកម្ម រហូតតែម្តង។
សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវមិនឲ្យមានការរើសអើង អ្នកជំងឺកូវីដ១៩នោះឡើយ ជាពិសេសក្រោយពេលដែលគាត់ បានជាសះស្បើយ។
គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញ អ្នកផ្ទុកជំងឺកូវីដសរុប៩៣នាក់ ដែលក្នុងនោះមានជនបរទេស៣៥នាក់ និងជនបរទេស៥៦នាក់។ ទោះជាយ៉ាងនេះក្តី រហូតមកដល់ពេលនេះ ក៏មានអ្នកជំងឺ៦នាក់ផងដែរ ត្រូវបានព្យាបាលជាសះស្បើយ ដោយក្នុងនោះ មានជនជាតិខ្មែរ៤នាក់ និងជនបរទេស២នាក់។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺនេះ ដោយក្នុងនោះ មានការអនុវត្តវិស្សមកាលមុនការកំណត់ ការបិទក្លឹបកម្សាន ខារ៉ាអូខេ រង្គសាល រោងភាពយន្ត សារៈមន្ទីរនានាជាដើម៕