(បាត់ដំបង)៖ ក្នុងបទសម្ភាសន៍ខ្លីមួយជាមួយអ្នកសារព័ត៌មាន នៅខេត្តបាត់ដំបង ក្រោយបញ្ចប់ជំនួបសំណេះសំណាលជាមួយមន្ដ្រីរាជការ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានអះអាងថា ប្រសិនបើចំនួនអ្នកឆ្លងជំងឺ COVID-19 នៅតែបន្ដកើនឡើង ជៀសមិនផុតពីការដាក់ប្រទេសកម្ពុជា ក្នុងគ្រាអាសន្ននោះទេ។
សម្ដេចក្រឡាហោម ស ខេង នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ បានថ្លែងយ៉ាងដូច្នេះថា «មកដល់ពេលនេះ គឺមិនទាន់មានទេ [ដាក់ប្រទេសក្នុងគ្រាមានអាសន្ន] ប៉ុន្ដែសម្ដេចតេជោ លោកមានប្រសាសន៍ថា កំពុងពិចារណា ខ្ញុំគិតថាប្រសិនណាជាស្ថានភាពនេះ វាកាន់តែរីកចំនួនអ្នកផ្ទុកមេរោគនេះ (COVID-19) ជៀសមិនផុតទេ ប៉ុន្ដែក្នុងស្ថានភាពបច្ចុប្បន្នក្នុងកម្រិតប៉ុណ្ណឹង ប្រហែលជាមិនទាន់មានទេ»។
ជាមួយគ្នានេះសម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ តាមតួលេខដែលសម្ដេចទទួលបានពី អគ្គស្នងការនគរបាលជាតិ ចំនួនពលករខ្មែរដែលបានចាកចេញពីប្រទេសថៃ ក្រោយប្រទេសមួយនេះ បានប្រកាសបិទព្រំដែនបណ្ដោះអាសន្នជាមួយកម្ពុជា មានចំនួនប្រមាណ២១,០០០នាក់។
បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំឲ្យអភិបាលរាជធានី-ខេត្តទាំង២៥ ត្រូវធ្វើការស្រង់បញ្ជីចំនួនពលករ ដែលត្រឡប់មកពីប្រទេសថៃ ឲ្យបានច្បាស់លាស់។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា សម្ដេចកំពុងពិចារណា ក្នុងការទូលថ្វាយសូមព្រះរាជានុញ្ញាត ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីដាក់ប្រទេសឲ្យស្ថិតនៅក្នុងគ្រាមានអាសន្ន ខណៈដែលជំងឺកូវីដ១៩ កំពុងរីករាលដាល នៅក្នុងប្រទេសកម្ពុជា។
ការលើកឡើងរបស់សម្ដេចតេជោហ៊ុនសែន បានធ្វើឡើងនៅក្នុងឱកាស ដែលសម្ដេចជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រមាណ៤០០នាក់ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩នេះ មានប្រទេសដទៃបានធ្វើរួចហើយ ដូចជាប្រទេសថៃ ប្រទេសឥណ្ឌាក៏បានប្រកាសរួចហើយ។ សម្តេចតេជោបញ្ជាក់ថា សម្តេចកំពុងឲ្យមានការសិក្សាអំពីវិសាលភាព នៃការដាក់ប្រទេសក្នុងគ្រាមានអាសន្ននេះ៕