(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីណែនាំថ្មីមួយ ទៅកាន់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឱ្យរៀបចំឥណទាន (កម្ចី) របស់ខ្លួនឡើងវិញ ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ ដែលកំពុងប្រឈមនឹងការធ្លាក់ចុះនៃប្រាក់ចំណូលចម្បង និងមានការលំបាកក្នុងការទូទាត់សង បណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើតាមសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News បាននៅព្រឹកថ្ងៃទី២៨ ខែមីនានេះ។

សេចក្តីណែនាំនេះ ក៏មានគោលបំណងរក្សាស្ថិរភាពហិរញ្ញវត្ថុ និងគាំទ្រសកម្មភាពសេដ្ឋកិច្ច ក្នុងអំឡុងពេលនៃវិបត្តិបង្កដោយជំងឺកូវីដ១៩នេះផងដែរ។

តាមរយៈសារាចរណែនាំស្តីពី «ឥណទានរៀបចំឡើងវិញ ក្នុងអំឡុងពេលរងផលប៉ះពាល់ ពីការរីករាលដាលរបស់វីរុសកូវីដ១៩» ចុះហត្ថលេខាដោយលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានណែនាំដល់គ្រឹះស្ថានធានាគារ និងហិរញ្ញវត្ថុ ឱ្យយកចិត្តទុកដាក់ទៅលើអតិថិជនដែលរងផលប៉ះពាល់ជាក់ស្តែងមកពីវិស័យចំនួន៤រួមមាន៖

១៖ ទេសចរណ៍ (សណ្ឋាគារ ផ្ទះសំណាក់ និងភោជ្ជនីយដ្ឋាន ដោយរាប់បញ្ចូលទាំងចំណីអាហារ ភេសជ្ជៈ និងសេវាកម្មគាំទ្រផ្សេងៗ)
២៖ កាត់ដេរ (ដោយរាប់បញ្ចូលទាំងនិយោជិត)
៣៖ សំណង់ (ចំពោះតែឥណទានសាងសង់ផ្ទះ/ហាងដំបូង និងឥណទានទិញផ្ទះដំបូង)
៤៖ ការដឹកជញ្ជូន (ជាពិសេស អ្នកបើកបរតាក់ស៊ី និងរ៉ឺម៉កកង់បី) និងឡូជីស្ទូីក។

ក្នុងសារាចរនេះ ក៏បានណែនាំផងដែរថា ការរៀបចំឥណទានឡើងវិញនេះ គ្រឹះស្ថានត្រូវកំណត់ឱ្យច្បាស់ថា អតិថិជនកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ មុនពេលផ្តល់ការអនុគ្រោះ។

សារាចរបានណែនាំថា ការរៀបចំឥណទានឡើងវិញនេះ ត្រូវផ្តល់ជូនអតិថិជនដែលការទូទាត់សងការប្រាក់ ឬ/និងប្រាក់ដើម មិនហួសកាលកំណត់សងលើសពី៣០ថ្ងៃ (ប្រភេទឥណទានដំណើរការ) និងរំពឹងថា អតិថិជនជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ និងការទូទាត់សងតែក្នុងរយៈពេលបណ្តោះអាសន្នប៉ុណ្ណោះ និងមានសុពលភាពត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

សារាចរបានបន្ថែមថា «ឥណទានរៀបចំឡើងវិញ» ជាឥណទានដែលលក្ខខណ្ឌនៃកិច្ចសន្យាដើមត្រូវបានកែប្រែដោយផ្តល់ការអនុគ្រោះដល់អតិថិជន ដែលជួបស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុជាក់ស្តែង និងបណ្តោះអាសន្ន។ ឥណទានដែលទទួលបានលក្ខខណ្ឌអនុគ្រោះណាមួយដូចខាងក្រោម ត្រូវចាត់ទុកថាជា «ឥណទានរៀបចំឡើងវិញ»៖

១៖ ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវសងនៅឥណប្រតិទាន
២៖ ការកាត់បន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម
៣៖ ការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់
៤៖ ការពន្យារឥណទានប្រតិទាន
៥៖ ការបន្ថែម និង/ឬ ការផ្លាស់ប្តូរអ្នករួមខ្ចី និង/ឬ អ្នកធានា ប្រសិនបើមាន
៦៖ ការផ្លាស់ប្តូរពីឥណទានមានការទូតទាត់សងតាមការបង់រំលស់ ទៅជាការទូទាត់តែការប្រាក់ ហើយទូទាត់សងប្រាក់ដើមទាំងអស់នៅឥណប្រតិទាន
៧៖ ការលើកលែង ឬបន្ថយទ្រព្យធានា
៨៖ ការបន្ថយលក្ខខណ្ឌកិច្ចសន្យា ឬ/និង
៩៖ ការផ្តល់រយៈពេលអនុគ្រោះដោយគ្មានការទូទាត់សង ដែលអាចមានរយៈពេលរហូតដល់៦ខែ គិតចាប់ពីថ្ងៃប្រសិទ្ធភាពនៃកិច្ចសន្យាថ្មី៕

 

 

">