(ភ្នំពេញ)៖ មនុស្សមួយក្រុមជិះរថយន្តពីរគ្រឿង បានធ្វើសកម្មភាពបាញ់ជិត១០គ្រាប់ បណ្ដាលឲ្យស្រ្តីម្នាក់ដួលសន្លប់ បង្កឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង តែសំណាងល្អមិនមានអ្នករងរបួស។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅផ្លូវ រថភ្លើងសង្កាត់ស្រះចក ខណ្ឌដូនពេញក្រុងភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនស៉ីវិលមួយក្រុម មានគ្នាជិត១០នាក់ ជិះរថយន្តពីរគ្រឿងមួយគ្រឿងម៉ាក Lexus RX 330 ពណ៌ស មួយគ្រឿងទៀតម៉ាក Camry ពណ៌សមិនចាំស្លាកលេខទាំងពីរ បានចុះពីរថយន្តដើរសំដៅមកទីតាំងកើតហេតុ ដែលមានប្រជាពលរដ្ឋកំពុងអង្គុយជុំគ្នា ភ្លាមៗនោះស្រាប់តែជនដៃដល់ខាងលើ បានបាញ់ជិត១០គ្រាប់បណ្ដាលឲ្យប្រជាពលរដ្ឋភិតភ័យ នាំគ្នារត់ជាន់ជើងគ្នាបណ្ដាលឲ្យស្រ្តីម្នាក់បានដួលសន្លប់ ភ្លាមៗជនដៃដល់បានដើរមកសួរជនរងគ្រោះថា (ងាប់នៅ) រួចក៏នាំគ្នាគេចខ្លួនឡើងជិះរថយន្តគេចខ្លួន ចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ទីតាំងកន្លែងកើតហេតុបានត្រឹមតែប្រមូលសំបកគ្រាប់កាំភ្លើង រួចធ្វើការសាកសួរអ្នកដែលឃើញហេតុការណ៍ ដើម្បីកំណត់មុខសញ្ញាជនដៃដល់ផងដែរ។

ជាចុងក្រោយប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុសំណូមពរឲ្យសមត្ថកិច្ចជួយ តាមចាប់ជនដៃដល់ដែលបានធ្វើសកម្មភាពបាញ់បោះយ៉ាង អាណាធិបតេយ្យខាងលើមកផ្ដន្ទាទោស ទៅតាមផ្លូវច្បាប់ផងដែរ៕