(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ ដាក់ចេញបទបញ្ជាឲ្យផ្អាកនូវការនាំចេញអង្ករស និងស្រូវ ចាប់អនុវត្តន៍ពីម៉ោង២៣៖៥៩នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ដើម្បីធានានូវសន្តិសុខស្បៀងរបស់កម្ពុជា នៅគ្រាដែលកំពុងរងនូវវិបត្តិនៃជំងឺកូវីដ១៩។
ការដាក់ចេញបទបញ្ជាយ៉ាងដូច្នេះរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងឱកាសសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ការបើកសម័យប្រជុំពេញអង្គ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការហាមឃាត់ការនាំចេញអង្ករនេះ គឺហាមឃាត់តែអង្ករស និងស្រូវប៉ុណ្ណោះ ចំពោះអង្ករក្រអូប ត្រូវបានអនុញ្ញាតឲ្យនាំចេញធម្មតា។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំចេញបញ្ជាឲ្យផ្អាកនាំចេញអង្ករស និងស្រូវ តែអនុញ្ញាតឲ្យនាំចេញអង្ករក្រអូបរហូតដល់មានបទបញ្ជាជាថ្មី ដើម្បីរក្សាទុកផ្គត់ផ្គង់ក្នុងស្រុក ហើយចាប់អនុវត្តន៍ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០តទៅ»។
សម្តេចតេជោបញ្ជាក់ថា អង្ករស និងស្រូវរបស់កម្ពុជាភាគច្រើន នាំចេញទៅប្រទេសជិតខាង ដែលមានវៀតណាម និងថៃ។ ប៉ុន្តែដើម្បីធានាដល់ការផ្គត់ផ្គង់ក្នុងស្រុកទើប កម្ពុជាត្រូវរក្សាទុកស្រូវ និងអង្ករស ដែលមានតម្រូវការក្នុងស្រុកច្រើន ហើយចំពោះអង្ករក្រអូបដែលមានចំនួនតិច និងមិនសូវមានត្រូវការក្នុងស្រុកច្រើននោះ នៅតែអនុញ្ញាតឲ្យនាំចេញដូចធម្មតា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ការកំណត់ឲ្យអនុវត្តន៍បទបញ្ជារហូតដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ គឺយើងយល់ថា ពេលវេលាមួយអាទិត្យ អាចនឹងគ្រប់គ្រាន់ហើយសម្រាប់ឲ្យប្រជាពលរដ្ឋរបស់យើង ដែលបានលក់ស្រូវឲ្យឈ្មួញទិញស្រូវ ត្រៀមនាំចេញទៅកាន់ប្រទេសថៃ ត្រៀមនាំចេញទៅកាន់ប្រទេសវៀតណាម ដែលភាគច្រើននាំទៅកាន់តែពីរប្រទេសនេះ គឺឲ្យនាំចេញឲ្យផុតនូវអ្វីដែលគាត់បានទិញ ឯក្រៅពីនោះតម្រូវឲ្យមានការស្តុកទុក នៅក្នុងចំណោមប្រជាពលរដ្ឋ ក៏ដូចជារោងម៉ាស៊ីនកិនស្រូវនានា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តពិនិត្យបញ្ហានេះ ដើម្បីទម្លាក់ប្រាក់ទៅឲ្យរោងម៉ាស៊ីនកិនស្រូវ និងស្តុកស្រូវ ដើម្បីទទួលទិញនៅស្រូវអង្ករពីប្រជាពលរដ្ឋ»។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងថា ការដែលរាជរដ្ឋាភិបាលទម្លាក់ថវិកាឲ្យរោងម៉ាស៊ីនកិនស្រូវនេះ ដើម្បីឲ្យរក្សាបាននូវតម្លៃស្រូវរបស់ប្រជាពលរដ្ឋ ជៀសវាងឈ្មួញបង្អាប់ថ្លៃស្រូវរបស់កសិករ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួងពាណិជ្ជកម្ម ធ្វើការផ្សព្វផ្សាយបទបញ្ជានៃការផ្អាកនាំចេញស្រូវ និងអង្ករស ឲ្យបានឆាប់បំផុត៕