(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តាំផ្ញើដល់ពលករខ្មែរដែលត្រលប់មកពីប្រទេសថៃជាង ៥ម៉ឺននាក់ ត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីក្រុមគ្រួសារ និងពលរដ្ឋដទៃទៀតចំនួន ១៤ថ្ងៃ ហើយត្រូវជូនដំណឹងនៅខាងមុខផ្ទះប្រាប់ញាតិមិត្តឱ្យបានដឹង ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺ Covid-19 នៅក្នុងសហគមន៍របស់ខ្លួន។
ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ដែលបានរៀបចំឡើងនៅក្រោយពេលរដ្ឋសភាជាតិបើកសម័យប្រជុំ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។
ដើម្បីបន្តចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺ Covid-19 សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលត្រលប់មកពីប្រទេសថៃ និងប្រទេសដទៃទៀតដែរ សូមមានការប្រុងប្រយ័ត្នខ្ពស់ កុំឱ្យខ្លួនឯងក្លាយជាអ្នកផ្ទុកជំងឺ ហើយយកជំងឺនោះមកចម្លងឱ្យគ្រួសារ និងនៅក្នុងសហគមន៍។ ចាំដល់រយៈពេល១៤ថ្ងៃក្រោយ ទើបដឹងពីរោគសញ្ញាច្បាស់លាស់ ហើយនៅពេលមានបញ្ហាអ្វីមួយនោះ ត្រូវប្រញាប់រកគ្រូពេទ្យភ្លាម។
សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «មកដល់ពេលនេះ តួលេខពីក្រសួងមហាផ្ទៃបានបង្ហាញថា ពលករមកពីប្រទេសថៃមានជាង ៥ម៉ឺននាក់ សូមឱ្យបងប្អូនជាង ៥ម៉ឺននាក់នោះ ដាក់ខ្លួនឯងនៅដាច់ដោយឡែក ហើយសូមលើកទឹកចិត្ត និងកោតសរសើរចំពោះក្រុមគ្រួសារទាំងឡាយ ត្រូវដាក់សរសេរជាអក្សរនៅមុខផ្ទះតែម្ដងថា ខ្ញុំមានកូនមកពីប្រទេសថៃ សូមអធ្យាស្រ័យ មិនអាចចូលលេងបានទេ គឺត្រូវដាក់បម្រាមខ្លួនតែម្ដង ខ្ញុំលើកទឹកចិត្តឱ្យប្រជាពលរដ្ឋធ្វើបែបនេះដែលទើបមកពីប្រទេសថៃ»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា កម្ពុជាមិនអាចប្រមូលប្រជាពលករទាំងជាង៥ម៉ឺននាក់នោះ ទៅទុកនៅកន្លែងដាច់ដោយឡែកអស់បានទេ ប៉ុន្តែត្រូវពិនិត្យគ្រប់គ្រងគោលដៅនៅតាមភូមិទាំងអស់ ដែលមានពលរដ្ឋមកពីប្រទេសថៃ ឬមកពីប្រទេសក្រៅផ្សេងទៀត ខណៈជំងឺដែលឆ្លងមកដល់កម្ពុជា ស្ទើរតែទាំងអស់ គឺនាំចូលពីខាងក្រៅប្រទេស។
ជាមួយគ្នានោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាទៅកម្លាំងសមត្ថកិច្ចត្រូវចុះចាប់អ្នកលក់ឧបករណ៍ និងឧបករណ៍ធ្វើតេស្ដក្លែងក្លាយ ទឹកអាល់កុលក្លែងក្លាយ និងឱសថក្លែងក្លាយទាំងអស់។
សម្ដេចបានបញ្ជាក់ទៀត «កម្ពុជាមិនមែនជាកន្លែងសាកល្បងឧបករណ៍ធ្វើតេស្តនោះទេ ហើយក៏មិនមែនជាកន្លែងសាកល្បងប្រើថ្នាំ ដើម្បីព្យាបាលជំងឺនោះដែរ ប្រសិនបើអង្គការសុខភាពពិភពលោកប្រកាសពីការរកឃើញឧបករណ៍ធ្វើតេស្តមានប្រសិទ្ធភាព និងឱសថណាមួយសម្រាប់ព្យាបាលជំងឺ Covid-19 នោះ រាជរដ្ឋាភិបាលកម្ពុជានឹងបញ្ជាទិញភ្លាមៗ មិនឱ្យប្រជាពលរដ្ឋព្រួយបារម្ភនោះឡើយ»៕