(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ការផ្លាស់ប្តូររដ្ឋមន្រ្តីក្រសួងចំនួន៤ នាពេលនេះ គឺដោយសារតែរដ្ឋមន្រ្តីមុនៗមានវ័យកាន់តែចំណាស់ ដែលត្រូវការពេលវេលាសម្រាកច្រើន ខណៈដែលក្រសួងដែលផ្លាស់ប្តូររដ្ឋមន្រ្តីទាំង៤នេះ ត្រូវការរដ្ឋមន្រ្តីដែលសកម្ម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងសន្និសីទមួយ នៅឯវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ក្រោយបញ្ចប់កិច្ចប្រជុំវិសាមញ នៃរដ្ឋសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល។
លោក កើត រិទ្ធ អតីតរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ត្រូវបានរដ្ឋសភាបោះឆ្នោតគាំទ្រឱ្យធ្វើជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជំនួសលោក អង្គ វង្សវឌ្ឍានា, លោក ជា វ៉ាន់ដេត ជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជំនួសលោក ត្រាំ អ៉ីវតឹក, លោក ឈិត សុខុន ជារដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ជំនួសលោក ហ៊ឹម ឆែម, លោក ព្រំ សុខា ជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជំនួសលោក ពេជ្រ ប៊ុនធិន ខណៈដែល លោក ចម ប្រសិទ្ធ ជាទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលទើបត្រូវបានប្តូរឈ្មោះថ្មីពីក្រសួងឧស្សាហកម្ម និងសិប្បកម្មកន្លងមក។
ចំណែកអតីតរដ្ឋមន្រ្តីក្រសួងទាំង៤ ដែលផ្លាស់ប្តូររដ្ឋមន្រ្តីនោះ ត្រូវបានដំឡើងឋានៈជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ក្នុងនោះមាន លោក ហ៊ឹម ឆែម, លោក អង្គ វង្សវឌ្ឍានា, លោក ត្រាំ អ៉ីវតឹក ជាទេសរដ្ឋមន្រ្តី និងលោក ពេជ្រ ប៊ុនធិន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថារដ្ឋមន្រ្តីដែលសម្តេចឧទ្ទេសនាម នាពេលនេះស្ថិតនៅក្រោម U90 និង U80។ សម្តេចបញ្ជាក់បន្តថា៖ «អង្គ វង្ស វឌ្ឍានា, ត្រាំ អ៉ីវតឹក និយាយរួមអ្នកទាំងអស់នេះ សុទ្ធតែជាអ្នកមានសមត្ថភាព ក៏ប៉ុន្តែយើងត្រូវមើលឃើញវ័យរបស់ពួកគាត់ ដល់ដំណាក់កាលដែលគាត់ជួបកាលំបាកហើយ យើងមិនអាចបង្ខំគាត់ឱ្យធ្វើៗៗ ដោយមិនគិតគូរពីសុខភាពរបស់ពួកគាត់ទេ»។
សម្តេចបន្តថា៖ «ការងារពេលខ្លះអត់តម្រូវការឱ្យមនុស្សដេកច្រើនទេ គឺតម្រូវឱ្យមនុស្សដេកតិច ប៉ុន្តែវ័យរបស់ពួកគាត់ ត្រូវតែស្ថិតនៅក្នុងមនុស្សដេកយូរ បើដូច្នោះប្រសិទ្ធភាពរបស់រដ្ឋ របស់ស្ថាប័នក៏មានកម្រិត ដូច្នោះហើយ បានជាយើងមានភាពចាំបាច់ដែលត្រូវធ្វើការកែទម្រង់ ហើយមុខព្រួញនៃការកែទម្រង់»។
សម្តេចបានបញ្ជាក់ថាកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ជាកំណែទម្រង់មុតស្រួច។ សម្តេចក៏បានផ្តល់យោបល់ទៀតថា រដ្ឋមន្រ្តីក្រសួងទូរគមនាគមន៍ គឺត្រូវតែជារដ្ឋមន្រ្តីរហ័សរហួន និងគំនិតផ្តួចផ្តើមខ្ពស់៕