(បរទេស)៖ សហរដ្ឋអាមេរិកគឺជាប្រទេសមហាអំណាចលេខ១លើលោក ទាំងផ្នែកសេដ្ឋកិច្ច និងវិស័យសុខាភិបាលសុទ្ធតែមានមានភាពរឹងមាំខ្លាងក្លាជាងគេបំផុត ប៉ុន្តែពេលនេះក៏បានក្លាយទៅជាប្រទេសឈរលំដាប់លេខ១ដែរ ដែលមានមនុស្សឆ្លងជំងឺ Covid-19 ច្រើនជាងគេបំផុត រហូតដល់ជាង១៦ម៉ឺននាក់ និងមានមនុស្សស្លាប់សរុបរហូត៣១៥៦នាក់ បន្ទាប់ពីមានអ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់៥៧៣នាក់។ នេះបើយោងតាមគេហទំព័រ Worldometers.info គិត ត្រឹមពេញមួយថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។
ក្រៅពីសហរដ្ឋអាមេរិក, ប្រជាជននៅលើពិភពលោកក៏បានដឹងច្បាស់ដែរថា ប្រទេសចំនួន៤ទៀតគឺ បារាំង អ៉ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ សុទ្ធសឹងតែជាកំពូលប្រទេស ផ្នែកសេដ្ឋកិច្ច និងសុខាភិបាលខ្លាំងពូកែ ប៉ុន្តែក៏បានឈរនៅលើលំដាប់កំពូល TOP 5 នៃតារាងបញ្ជីឈ្មោះប្រទេសអ្នកឆ្លង និងមានអ្នកស្លាប់ច្រើនជាងគេ នៅលើពិភពលោកទៅវិញ។
ត្រង់ចំណុចនេះអាចបង្ហាញយ៉ាងច្បាស់ហើយថា ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗលើលោក ដែលមានវិស័យសុខាភិបាលខ្លាំងក្លា មិនប្រាកដថាមានអ្នកឆ្លង និងអ្នកស្លាប់ដោយសារជំងឺកូវិដ១៩នេះចំនួនតិចទេ ហើយក៏មិនប្រាកដថា ប្រទេសក្រសេដ្ឋកិច្ចមិនសូវរឹងមាំ មានឆ្លង និងស្លាប់ច្រើននោះដែរ ការដែលសំខាន់នោះគឺភាពជាអ្នកដឹកនាំនៃមេដឹកនាំប្រទេសនិមួយៗនោះទៅវិញទេ ដែលជាចំណុចគួរចាប់អារម្មណ៍។
យោងតាមគេហទំព័រពិភពលោក Worldometers.info គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បង្ហាញថា៖
១៖ អាមេរិក ករណីឆ្លងកើនដល់ ១៦៣,៨៤៤ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៥៧៣នាក់ ស្លាប់សរុប ៣១៥៦នាក់
២៖ អ៉ីតាលី ករណីឆ្លងកើនដល់ ១០១,៧៣៩ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៨១២នាក់ ស្លាប់សរុប ១១៥៩១នាក់
៣៖ អេស្ប៉ាញ ករណីឆ្លងកើនដល់ ៨៧,៩៥៦ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៩១៣នាក់ ស្លាប់សរុប ៧៧១៦នាក់
៤៖ អាល្លឺម៉ង់ ករណីឆ្លងកើនដល់ ៦៦,៨៨៥ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ១០៤នាក់ ស្លាប់សរុប ៦៤៥នាក់
៥៖ បារាំង ករណីឆ្លងកើនដល់ ៤៤,៥៥០ករណី អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៤១៨នាក់ ស្លាប់សរុប ៣០២៤នាក់៕