(ឧត្តរមានជ័យ)៖ នាយឧត្តមសេនីយ៍ គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តឧត្តរមានជ័យ បន្តចុះតាមខ្នងផ្ទះជួបប្រជាពលរដ្ឋដែលរងការប៉ះពាល់ពីជំងឺ Covid-19 នៅតាមមូលដ្ឋាន ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីស្វែងយល់ពីការលំបាករបស់ពួកគាត់។

ក្នុងចំណោមបងប្អូនប្រជាពលរដ្ឋ ដែលរងការប៉ះពាល់ ៣៥៩១គ្រួសារ ត្រូវបាននាយឧត្តមសេនីយ៍ គន់ គីម ផ្តល់ជូនក្នុង ១គ្រួសារ អង្ករ ២៥គក្រ ក្រម៉ា ១ជំនួសម៉ាស និងអំណោយជាគ្រឿង បរិភោគរបស់ក្រុមការងារមួយចំនួនទៀត។

ទេសរដ្ឋមន្ត្រី គន់ គីម បានសម្តែងក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា ឈុន អូន អគ្គនាយកក្រុមហ៊ុនកម្ពុជាតេលា ដែលបានជួយឧបត្ថម្ភអង្ករចំនួន ៥០តោន ជូនដល់ប្រជាពលរដ្ឋជួបការខ្វះខាតនៅក្នុងខេត្តឧត្តរមានជ័យ ដោយសារឥទ្ធិពលនៃជំងឺកូវីដ១៩។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទឹកចិត្តប្រកបដោយមនុស្សធម៌របស់លោកឧកញ៉ា ឈុន អូន បានសបញ្ជាក់ឱ្យឃើញច្បាស់នូវទឹកចិត្តសប្បុរសធម៌របស់លោកឧកញ៉ា ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីដោះស្រាយការលំបាក និងការខ្វះខាតរបស់ប្រជាពលរដ្ឋ។

បើតាមលោកទេសរដ្ឋមន្ត្រី នៅក្នុងខេត្តឧត្តរមានជ័យ មានប្រជាពលរដ្ឋជួបការលំបាក និងខ្វះខាត បណ្តាលមកឥទ្ធិពលជំងឺកូវីដ ហើយធ្វើឱ្យបាត់ចំណូលនោះ មានជាង ១ម៉ឺនគ្រួសារ។

ក្រៅពីណែនាំឲ្យក្រុមការងារនាំអំណោយទៅចែកជូនពួកគាត់នៅតាមផ្ទះ លោកប្រធានក៏បានណែនាំឲ្យក្រុមការងារ ត្រូវពិនិត្យមើលពីបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្រីក្រ និងរកវិធីជួយ សម្រាលការលំបាករបស់ពួកគេ។ ទន្ទឹមនោះត្រូវបន្តត្រួតពិនិត្យកម្តៅពលករដែលទើបវិលត្រឡប់ពីប្រទេសថៃ នឹងណែនាំពួកគាត់អោយនៅដាច់ដោយឡែកពីគ្រួសារ ចាំ ១៤ថ្ងៃក្រោយបើគ្មានអ្វីខុសប្រក្រកី ទេចាំជិតស្និតជាមួយគ្រួសារ៕