(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ កាំកុងត្រូលខេត្តស្វាយរៀង បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរក្រុងស្វាយរៀង ចុះណែនាំ ឱ្យបងប្អូនអាជីវករលក់ដូរ នៅក្នុងក្រុងស្វាយរៀង កុំឆ្លៀតឱកាសលក់ដំឡើងថ្លៃ ឬលក់ផលិតផលក្លែងក្លាយ ដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល និងចូលរួមគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ទាំងអស់គ្នា។

លោក ផឹង និល ប្រធានសាខាកាំកុងត្រូលស្វាយរៀងបានឲ្យដឹងថា មន្ត្រីកាំកុងត្រូល និងអាជ្ញាធរក្រុងស្វាយរៀង បានចុះពិនិត្យការតាំងលក់អាកុល ជែលលាងដៃ និង ម៉ាស់របស់ក្រុមអាជីវករលក់ដូរ នៅជុំវិញផ្សាវាលយន្តក្រុងស្វាយរៀង។ ការចុះត្រួតពិនិត្យនេះ បានដកហូតបានអាកុលដែលគ្មានស្លាកសញ្ញាត្រឹមត្រូវ មិនមានច្បាប់ អនុញ្ញាតចំនួន៧ដបធំ និង១១ដបតូច និងបានធ្វើការណែនាំដល់អាជីវករលក់ដូរ ត្រូវបញ្ឍប់ការតាំងលក់អាកុលដែលគ្មានប្រភពច្បាស់លាស់បន្តទៀត។

លោក ផឹង នឹល បានឲ្យដឹងទៀតថា ក្រសួងពានិជ្ជកម្មក៏បានព្រមានថា ក្នុងករណីដែលនៅតែពិនិត្យឃើញថា អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន-សហគ្រាស និងបុគ្គល ដែលធ្វើអាជីវកម្ម និងផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅតែឆ្លៀតឱកាសដំឡើងថ្លៃទំនិញ ក្នុងកំឡុងពេលប្រទេសកម្ពុជា កំពុងជួបប្រទះជំងឺរាតត្បាត ជាសកល (កូវីដ-១៩) នេះ ក្រសួងពាណិជ្ជកម្ម នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង បានថ្លែងថា យើងទាំងអស់គ្នាបានដឹងច្បាស់ហើយថា ពេលនេះប្រទេសកម្ពុជា ក៏ដូចជានៅលើសកលលោកនេះ កំពុងតែរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ដែលជាជំងឺដ៏កាចសាហាវមួយ បានធ្វើឱ្យមានអ្នកស្លាប់ និងឆ្លងរាប់ម៉ឺននាក់។ ដូច្នេះហើយសូមសំណូមពរ ដល់ក្រុមអាជីវករ ដែលធ្វើអាជីវកម្ម និងផ្តល់សេវាទាំងអស់មេត្តាលក់ផលិតផលសម្ភារៈឧបរណ៍សម្រាប់ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ ដូចជា ម៉ាស ទឹកសាប៊ូលាងដែ អាល់កុលសម្លាប់មេរោគ និងឧបករណ៍វាស់កំដៅជាដើម ក្នុងតម្លៃសមរម្យដែលអាចទទួលយកបាន និងហាមជាដាច់ខាតការឃោសនាអកុសល ដើម្បីដំឡើងថ្លៃផលិតផលថ្លៃហួសហេតុ៕