(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី៣១ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសមួយ អំពីការពន្យារពេល ដាក់ឱ្យដំណើរការសាលាឧទ្ធរណ៍ព្រះសីហនុ ដោយសារការសង់អគារមិន បានរួចរាល់ជាស្ថាពរតាមការគ្រោងទុកពីព្រោះតែ COVID-19។ នេះបើតាមលិខិតក្រសួងយុត្តិធម៌ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីប្រកាសបានបញ្ជាក់ថា៖ តាមការគ្រោងទុកសាលាឧទ្ធរណ៍ព្រះសីហនុ នឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ។ ប៉ុន្តែដោយយោងតាម សំណើរបស់សាលាឧទ្ធរណ៍ព្រះសីហនុ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដែលបានស្នើសុំពន្យារពេល នៃការដាក់ឱ្យដំណើរការជាផ្លូវការនេះមួយរយៈ ដោយសារមូលហេតុអំពីស្ថានភាព នៃការរីករាលដាលនៃជំងឺកូវីដ១៩ ដែលធ្វើឱ្យការសាងសង់អគារសាលាឧទ្ធរណ៍ព្រះសីហនុ មិនបានរួចរាល់ជាស្ថាពរតាមពេលវេលាដែលបានគ្រោងទុក។ ក្រសួងយុត្តិធម៌សូមធ្វើការពន្យារ ពេលនៃការដាក់ឱ្យដំណើរការសាលាឧទ្ធរណ៍ព្រះសីហនុ មួយរយៈរហូតដល់មានការជូនដំណឹងជាថ្មី។

ចំពោះសមត្ថកិច្ចជំនុំជម្រះរឿងក្តី ដែលស្ថិតនៅក្នុងសមត្ថកិច្ចដែនដី នៃសាលាឧទ្ធរណ៍ព្រះសីហនុ ត្រូវស្ថិតនៅក្រោមសមត្ថកិច្ចរបស់សាលាឧទ្ធរណ៍ភ្នំពេញ ដោយអនុលមតាមមាត្រា៤ នៃព្រះរាជក្រឹត្យលេខនស/រកត/០២២០/១៩៨ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការដាក់ឱ្យដំណើរការសាលាឧទ្ធរណ៍តំបន់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងយុត្តិធម៌៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងយុត្តិធម៌ ស្តីពីការពន្យារពេលដាក់ឱ្យដំណើរការសាលាឧទ្ធរណ៍ព្រះសីហនុ៖