(កំពង់ស្ពឺ)៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីសុខាភិបាល សាលាក្រុងច្បារមន និងកងកម្លាំងចុះអប់រំអំពីវិធីបង្ការទប់ការរីករាដាលជំងឺឆ្លង COVID-19 និងបិទស្ទិចឃឺសារអប់រំ នៅតាមឱសថដ្ឋាន កន្លែងលក់ថ្នាំពេទ្យ នៅផ្សាកំពង់ស្ពឺ ទូទាំងក្រុងច្បារមន។

លោក វ៉ី សំណាង បានប្រាប់ម្ចាស់ឱសថដ្ឋាន អាជីវករលក់ថ្នាំពេទ្យ និងប្រជាពលរដ្ឋថា «យើងរួមគ្នាបង្ការនៃជំងឺ COVID-19 ដោយធ្វើតាមការណែនាំក្រសួងសុខាភិបាល និងមិនអនុញ្ញាតឲ្យមានការទិញលក់នៅសម្ភារខុសច្បាប់ (ម៉ាស៉ីនធ្វើតេស្តកូវីដ) ដែលមិនមានការទទួលស្គាល់ ពីអង្គការសុខភាពពិភពលោកផងដែរ»។

លោកអភិបាលខេត្តបានអំពាវនាវ ឲ្យរួមគ្នាកម្ចាត់ COVID-19 តាមរយៈ៖

*លាងដៃនឹងសាប៊ូ ឬអាល់កុល ឬជែល
*ចំពោះអ្នកដែលសង្ស័យថាខ្លួនមានជំងឺ ត្រូវនៅឲ្យឆ្ងាយពីគ្រួសារ និងសហគមន៍ចំនួន១៤ ថ្ងៃ ជាពិសេសចំពោះកម្មករ-កម្មការិនី ដែលទើបមកពីបរទេស
*ត្រូវពាក់ម៉ាស ឬក្រមាជាប្រចាំ
*សូមមេត្តាកុំទៅកន្លែងដែលមានមនុស្សច្រើន
*សូមកុំយកដៃប៉ះពាល់ផ្ទាល់ ទៅលើច្រមុះ មាត់ និងភ្នែក។

លោក អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា គិតមកដល់ពេលនេះមន្ទីរសុខាភិបាលខេត្ត បាននាំសំណាកមនុស្សសង្ស័យ០៤នាក់ ទៅធ្វើតេស្តរកមេរោគ COVID-19 ជាលទ្ធផលអវិជ្ជមាន៕