(ភ្នំពេញ)៖ លោកវរសេនីយ៍ ឯក ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍បានថ្លែងឲ្យដឹងថា អនុក្រឹត្យថ្មី លេខ៣៩ស្ដីពី ការពិន័យអន្ដរការ ចំពោះអំពើលល្មើសច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ខណៈដែលអនុក្រឹត្យថ្មីនេះ ត្រូវបានប្រទេសផ្សេងៗ លើពិភពលោកបានអនុវត្តន៍ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
លោកថ្លែងឲ្យដឹងយ៉ាងដូច្នេះថា អនុក្រឹត្យថ្មីលេខ៣៩ ស្ដីពីការពិន័យអន្ដរការណ៍ ចំពោះអំពើល្មើសច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកនិយាយជារួម អំពើល្មើសទាំងឡាយ ដែលកើតមានឡើង ដោយអ្នកបើកបរមានក្នុងអនុក្រឹត្យទាំងអស់។
ថ្លែងឲ្យដឹងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» លោកវីរសេនីយ៍ ឯក ថី វិសាល បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យ មានការកែសម្រួលនៅអនុក្រឹត្យនេះ ដោយសារតែនៅក្នុងឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើនឡើងយ៉ាងគំហុក បើប្រៀបធៀបនឹងឆ្នាំ២០១៨ នេះជាមូលហេតុចម្បង ដែលយើងកែសម្រួល។ មួយវិញទៀតយោងតាមអនុសាសន៍ណែនាំ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានប្រកាសជាជំហរថា យកឆ្នាំ២០២០នេះ ជាឆ្នាំរឹតបន្ដឹងច្បាប់ ដូច្នេះបានជាកែសម្រួលលើអនុក្រឹត្យពិន័យនេះឡើង។
លោកបានបន្ថែមថា អនុក្រឹត្យនេះ ត្រូវបានកែសម្រួលពីលើអនុក្រឹត្យចាស់ ដែលបានអនុវត្តន៍កាលពីឆ្នាំកន្លងទៅ ហើយមានចំណុចសំខាន់ៗចំនួន៥ ដែលខុសប្លែកពីអនុក្រឹត្យចាស់រួមមាន៖
១៖ កម្រិតទឹកប្រាក់ដែលត្រូវពិន័យអន្ដរការណ៍ ក្នុងអនុក្រឹត្យនេះ គឺបានដំឡើងចន្លោះពី៣-៥ដង។
២៖ នៅក្នុងអនុក្រឹត្យនេះ បែងចែកដោយឡែករវាងអំពើល្មើសប្រព្រឹត្តដោយអ្នកបើកបរម៉ូតូ និងអំពើល្មើសប្រព្រឹត្តិដោយអ្នកបើកបររថយន្ដ។
៣៖ ម្ចាស់ហាងលក់យានយន្ដគ្រប់ប្រភេទ ក៏ត្រូវទទួលរងពិន័យ ក្នុងករណីមិនបានបំពេញបែបបទចុះបញ្ជី សុំបណ្ណសំគាល់យាន (ស្លាកលេខ) ឲ្យបានចប់សព្វគ្រប់ មុនប្រគល់ឲ្យអ្នកទិញ ដែលកាលពីអនុក្រឹត្យចាស់មិនបានចែងទេ។
៤៖ ពាក់ព័ន្ធនឹងអំពើល្មើសដែលប្រព្រឹត្ត ដោយអនីតិជនក្រោមអាយុ១៥ឆ្នាំ គឺមិនត្រូវបានពិន័យទេ ដោយគ្រាន់តែធ្វើការអប់រំ ប៉ុន្ដែបើអនិតិជននោះមានអាយុចន្លោះ១៥ ដល់១៨ឆ្នាំ គឺឪពុក-ម្ដាយ ឬអាណាព្យាបាលជាអ្នកទទួលខុសត្រូវ និងបង់ប្រាក់ពិន័យជំនួស។
៥៖ ករណីមិនបានបង់ប្រាក់ពិន័យអន្ដរការណ៍ រយៈពេល១៥ថ្ងៃកម្រិតទឹកប្រាក់ត្រូវដំឡើង២ដង ប៉ុន្ដែបើលើសពី៣០ថ្ងៃត្រូវដំឡើង៣ដង និងលើសរយៈពេល៦០ថ្ងៃ ត្រូវបញ្ជូនសំណុំរឿង ទៅតុលាការដើម្បីវិនិច្ឆ័យតាមច្បាប់។ បើតាមច្បាប់ចាស់ គឺទុករយៈពេល៣០-៩០ថ្ងៃ។
លោកវីរសេនីយ៍ ឯក ថី វិសាល បញ្ជាក់ថា ពាក់ព័ន្ធនឹងការបើកបរមិនពាក់មួកសុវត្ថិភាព គឺបានបង្កើនដល់៤ដង ដោយពីមុនប្រសិនបើមិនពាក់មួកសុវត្ថិភាពនោះទេ គឺពិន័យត្រឹមតែ១៥០០០រៀលប៉ុណ្ណោះ ប៉ុន្ដែច្បាប់ថ្មីត្រូវពិន័យរហូតដល់៦ម៉ឺនរៀល ក្រោមមូលហេតុឲ្យអ្នកបើកបររាងចាល ដើម្បីការពារសុវត្ថិភាពខ្លួនឯងជាចាំបាច់ ពេលបើកបរទោចក្រយានយន្ដត្រូវតែមានមួក។
លោកក៏បញ្ជាក់ទៀតថា «តាមបទពិសោធន៍សិក្សាតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសជិតខាង ព្រមទាំងបណ្ដាប្រទេសនៅអឺរ៉ុប គឺឃើញថាការអនុវត្តន៍អនុក្រឹត្យថ្មីនេះ មានប្រសិទ្ធិភាព និងទទួលបានជោគជ័យ ធ្វើឲ្យប្រជាពលរដ្ឋមានឥរិយាបទអវិជ្ជាមានមកវិជ្ជាមានវិញ»។
លោកថ្លែងថា កម្មវត្ថុនៃការចេញអនុក្រឹត្យថ្មីនេះ គឺដើម្បីការពារអាយុជីវិតរបស់អ្នកប្រើប្រាស់ផ្លូវ ដូច្នេះប្រសិនបើប្រជាពលរដ្ឋចូលរួម គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ពួកគាត់នឹងមិនចំណាយលុយលើការពិន័យ និងការពារអាយុជីវិតរបស់ខ្លួនឯងបាន៕