(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។

ក្នុងសេចក្តីប្រកាសព័ត៌មានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំ បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់បានពិនិត្យរួចរាល់ និងបញ្ជូនទៅសភាពិនិត្យ និងអនុម័តតែម្តង ដោយមិនដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនោះទេ។

ក្នុងសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវបានរៀបចំឡើងដោយផ្អែកតាមស្មារតីនៃមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលចែងថា «នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា»

ក្នុងសេចក្តីប្រកាសព័ត៌មានបន្ថែមថា សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ជាមូលដ្ឋានគតិយុត្ត ដើម្បីធានាដល់ការអនុវត្តមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញ និងជាមូលដ្ឋានគតិយុត្តកំណត់សិទ្ធិអំណាចរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរបស់ប្រទេសក្នុងភាពអាសន្ន សំដៅការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពាំរទ្រព្យសម្បត្តិ និងបរិស្ថាន។

សេចក្តីព្រាងច្បាប់នេះ ក៏នឹងកំណត់នូវបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ព្រមទាំងវិធានការចាំបាច់នានា ដែលរាជរដ្ឋាភិបាលមានសិទ្ធិដាក់ចេញក្នុងពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ ការដាក់ប្រទេសជាតិក្នុងភាពអាសន្ន អាចធ្វើឡើងនៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ជាអាទិ៍ គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស។

សម្តេចតេជោ ហ៊ុន សែន ក្នុងសន្និសីទព័ត៌មាននៅថ្ងៃទី៣០ ខែមីនា ម្សិលមិញនេះ បានប្រកាសពីការសម្រេចចិត្តតាក់តែងច្បាប់​ស្តីពីការគ្រងប្រទេសជាតិ​ស្ថិតក្នុងភាពអាសន្ន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនមានទាន់ច្បាប់គ្រប់គ្រងប្រទេសជាតិក្នុងពេលមានអាសន្ននៅឡើយនោះទេ។ ដូច្នេះការបង្កើតច្បាប់នេះឡើង ដើម្បីជាឧបករណ៍ផ្នែកច្បាប់មួយគ្រប់គ្រងប្រទេសជាតិក្នុងភាពមានអាសន្ន។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលផងដែរ កុំឱ្យមានការព្រួយបារម្ភច្បាប់នេះ ព្រោះមិនមែនបង្កើតឡើងមក ដើម្បីរឹតដ្បិតសេរីភាពរបស់ប្រជាពលរដ្ឋ និងសេរីភាពនៃការបញ្ចេញមតិនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញក្តីរំពឹងផងដែរថា រដ្ឋសភានឹងពន្លឿនក្នុងការពិនិត្យ និងអនុម័តទៅលើសេចក្តីព្រាងច្បាប់មួយនេះផងដែរ។

សេចក្តីព្រាងច្បាប់ស្តីពីការគ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មាន៥ជំពូក និង១១មាត្រា។ ជំពូកទី១ មានពីរមាត្រា និយាយពីបទប្បញ្ញត្តិទូទៅ ដែលបានចែងពីវត្ថុបំណងនៃការតាក់តែងច្បាប់នេះឡើង និងវិសាលនៃច្បាប់នេះ។

ជំពូកទី២ និយាយពីបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មានពីមាត្រា, ជំពូកទី៣ និយាយពីការគ្រប់គ្រងប្រទេសស្ថិតក្នុងភាពអាសន្ន ដោយបានកំណត់លំអិតពីវិធានការក្នុងពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន និងរបបរាយការណ៍អំពីវិធានការក្នុងភាពអាសន្នជូនរដ្ឋសភា និងព្រឹទ្ធសភា។ ជំពូកទី៣ មានពីរមាត្រាផងដែរ។

ជំពូកទី៤ មាន ៣មាត្រា និយាយពីទោសប្បញ្ញត្តិ។ ក្នុងជំពូកនេះ និយាយពីទោស ចំពោះការរារាំងដល់កិច្ចប្រតិបត្តិការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន, ទោសមិនគោរពវិធានការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន និងការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល។

ដោយឡែកជំពូកទី៥ ដែលជាជំពូកចុងក្រោយ និយាយពីនរាករណ៍ និងការប្រកាសជាការប្រញាប់ នៃច្បាប់នេះ៕