(កំពង់ឆ្នាំង)៖ មនុស្ស ២នាក់ទៀតនៅខេត្ដកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងការផលិត និងលក់ឧបករណ៍ក្លែងក្លាយសម្រាប់ធ្វើតេស្ត និងការពារមេរោគកូវីដ១៩។ នេះបើតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តកំពង់ឆ្នាំង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។
តាមរបាយការណ៍របស់សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ដោយកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំង នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការបញ្ជាពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
ជនសង្ស័យចំនួន ២នាក់៖
*ទី១៖ ឈ្មោះ អ៊ាង ចាន់ អាយុ៣៦ឆ្នាំ ភូមិព្រៃភ្លង ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ
*ទី២៖ ឈ្មោះ សួង សាវិន អាយុ២៥ឆ្នាំ នៅភូមិស្រែចាន ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានដើរលក់ផលិតផលនៅផ្សាររមាស ស្ថិតនៅភូមិ ស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស។
ជនទាំង ២នាក់នេះ បាននិយាយថា «ផលិតផលរបស់ខ្លួន អាចការពារវីរូសកូរ៉ូណាបាន មួយឈុតតំលៃ ៥០០ដុល្លារ ការពារមួយក្រុមគ្រួសារបាន ដោយមិនបាច់ពាក់ម៉ាស ឬប្រើអាល់កុលទេ មើលតែខ្ញុំទៅដឹងហើយខ្ញុំទៅដឹងហើយ»។ បច្ចុប្បន្ន កំពុងធ្វើការសួរនាំ នៅអធិការដ្ឋាននគរបាល ស្រុកទឹកផុស ដើម្បីកសាងនីតិវិធីបន្ត។
សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានបញ្ជាឲ្យកម្លាំងនគរបាល នៃស្នងការរាធានី-ខេត្តទូទាំងប្រទេស សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ឃាត់ខ្លួន និងឱសថស្ថានណា ដែលលក់ឧបករណ៍ធ្វើតេស្តិ៍រកជំងឺ Covid-19។
ការចេញបទបញ្ជាដ៏ក្តៅគគុកនេះ ធ្វើឡើងបន្ទាប់ពីទទួលបានបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺ Covid-19 នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។
គិតត្រឹមព្រឹកមិញ កម្លាំងសមត្ថកិច្ចបានបង្ក្រាបអ្នកចែកចាយ និងលក់ ឧបករណ៍ធ្វើតេស្តកូវីដ ក្លែងក្លាយចំនួន១៣លើក ដោយឃាត់ខ្លួនមនុស្សចំនួន ១៤នាក់ ក្នុងនោះមាន ១១ នាក់ត្រូវបានអប់រំ ហើយដោះលែងវិញ និង៣នាក់ត្រូវបានបញ្ជូនទៅតុលាការ។ នេះបើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ដល់បណ្ដាញព័ត៌មាន Fresh News។
ក្នុងចំណោមការបង្ក្រាបបទល្មើសលក់និងចែកចាយឧបករណ៍ និងសម្ភារៈប្រឆាំងកូវីដ ទាំង១៣ លើក រយៈពេល៣ថ្ងៃនេះមាននៅភ្នំពេញ ១០ករណី ខេត្តសៀមរាប១ករណី និងនៅខេត្តព្រះសីហនុចំនួន២ករណី ដោយក្នុងនោះមានជនជាតិចិនចំនួន ៥នាក់ និងជនជាតិខ្មែរចំនួន ៩នាក់ ត្រូវបានឃាត់ខ្លួន៕