(ត្បូងឃ្មុំ)៖ ក្នុងខេត្តត្បូងឃ្មុំ ដែលមានច្រកព្រំដែនធំៗចំនួន៦ និងច្រកតូចៗ ត្រូវបានបិទតាមបទបញ្ជារបស់មេដឹកនាំកម្ពុជា-វៀតណាម ដើម្បីចូលរួមទប់ស្កាត់ COVID-19 ប៉ុន្តែចរាចរណ៍ទំនិញ នៅបន្តដំណើរការធម្មតា។

បន្ថែមលើនេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានជួយសម្រួលភ្លាមៗឲ្យដំណើរការដឹកជញ្ជូនទំនិញ និងកសិផល នៃប្រជាជនប្រទេសទាំង២ បានប្រព្រឹត្តិទៅបានជាបន្តទៀត ប៉ុន្តែចំពោះការធ្វើដំណើរឆ្លងកាត់ទៅមកនៃប្រជាជនកម្ពុជា-វៀតណាម ដាច់ខាតមិនអនុញ្ញាតនោះឡើយ។

បើតាមលោក ផាន់ គឹមសន ប្រធានច្រក លោក អ៊ួន សុវណ្ណារ៉ា មេគយប្រចាំច្រក លោក ស្រេង គា អនុប៉ុស្តិ៍ប្រចាំច្រកនៃច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ក្នុងស្រុកពញាក្រែក លោក មួន សុភាព ប្រធានច្រក និងលោកទី ចាន់ ធួន មេប៉ុស្តិ៍នៅច្រកទ្វារទ្វេភាគីដារ ក្នុងស្រុកមេមត់ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តត្បូងឃ្មុំ ដូចគ្នាថា សម្រាប់ប្រជាជនកម្ពុជា-វៀតណាម ត្រូវបានបិទ មិនអនុញ្ញាតឲ្យធ្វើដំណើរចេញ-ចូល ឆ្លងកាត់នោះទេ។

ប៉ុន្តែក្នុងករណី បើសិនមានប្រជាជនវៀតណាមក្នុងប្រទេសកម្ពុជា និងប្រជាជនកម្ពុជានៅប្រទេសវៀតណាម គឺត្រូវបានបើកឲ្យចូលទៅកាន់ប្រទេសរបស់ខ្លួនវិញបាន ប៉ុន្តែបន្ទាប់ពីឆ្លងកាត់ចូលហើយ ត្រូវបានមន្ត្រីជំនាញណែនាំពីចំណេះដឹង ពាក់ព័ន្ធការថែរក្សាអនាម័យពាក់ម៉ាស់ លាងសម្អាតដៃ មិនត្រូវជួបជុំ និងត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ រាប់ចាប់ពីចូលប្រទេសខ្លួន វិញដូចគ្នាផងដែរ។

ចំពោះដំណើរការចរាចរណ៍ទំនិញទៅមកជាប្រក្រតីដូចធម្មតា គឺចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៥ល្ងាច ដោយអនុញ្ញាតទៅតាមនីតិវិធីដូចខាងក្រោម៖

*ចំពោះសកម្មភាពដឹកចេញទៅវៀតណាម គឺរថយន្តអនុញ្ញាតឲ្យចូលដោយដោះដូរអ្នកបើកបរនៅតំបន់ ស ដោយមានការបាញ់អាកុលទៅលើឡាន សម្លាប់មេរោគ ពីមន្ត្រីចតាលីស័ក
*ចំពោះសកម្មភាពដឹកចូលក្នុងកម្ពុជា គឺរថយន្តដឹករបស់វៀតណាម ត្រូវសាងទំនិញនៅតំបន់ ស ដូចគ្នា ក្នុងនោះមាន២វិធី ដោយរថយន្តសណ្តោងរ៉ឺម៉កដឹកទំនិញវៀតណាម ត្រូវមកដោះដូរក្បាលរថយន្តសណ្តោង រីឯរថយន្តដែលមិនមានសណ្តោងរ៉ឺម៉ក ត្រូវប្តូរតៃកុងរថយន្ត។

ចំពោះកសិផលកម្ពុជាដែលដឹកទៅវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង និងច្រកទ្វារទ្វេភាគីដារភាគច្រើនគឺជាដំឡូងមី ក៏ដូចជាបន្លែ និងផ្លែឈើមានស្វាយចន្ទី ស្វាយកែវរមៀតជាដើម។
ដោយឡែក ខាងវៀតណាមវិញ ទំនិញដែលដឹកចូលមកកម្ពុជាភាគច្រើនគឺចំណីសត្វ ថ្នាំសម្លាប់សត្វល្អិត ជីគីមី ព្រមទាំងឥវ៉ាន់ចាប់ហ៊ួយមួយចំនួន ជាដើមផងដែរ។

សូមជម្រាបថា ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ជាប់ប្រទេសវៀតណាម ក្រៅពីច្រករបៀងតូចៗ មានច្រកទ្វារធំៗចំនួន០៦ សម្រាប់ចរាចរណ៍ដោះដូរទំនិញ រួមមាន៖

*ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង
*ច្រកទ្វារព្រំដែនទ្វេរភាគីដារ
*ច្រកទ្វារព្រំដែនទន្លេចាម -ជាំក្រវៀន
*ច្រកទ្វារតំបន់ព្រំដែនដូនរ័ត្ន
*ច្រកទ្វារតំបន់ព្រំដែនទន្លូង
*ច្រកទ្វារតំបន់ព្រំដែនចាន់មូល។