(ភ្នំពេញ)៖ ស្របពេលដែលប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា កំពុងចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង Covid-19 លោក លី យុំាង និងកញ្ញា ពេជ្រ ថារី បានរួមគ្នាចេញចម្រៀងមួយបទ មានចំណងជើងថា «រួមគ្នាទប់ស្កាត់ Covid-19» ដើម្បីរួមចំណែកផ្សព្វផ្សាយស្តីពីការការពារ និងការអប់រំទាក់ទងនឹងជំងឺឆ្លងនេះ។

ក្នុងអត្ថន័យបទចម្រៀងមួយនេះ បានជំរុញប្រជាពលរដ្ឋកម្ពុជា ឲ្យចូលរួមទប់ស្កាត់ បង្ការ និងចេះការពារខ្លួនពីការរាតត្បាតនៃជំងឺ Covid-19។ អត្ថន័យបទចម្រៀង «រួមគ្នាទប់ស្កាត់ Covid-19» ថែមទាំងបានបន់ស្រន់ឲ្យជំងឺមួយនេះ ឆាប់រលាយចេញពីកម្ពុជាផងដែរ ហើយជាពិសេសនោះ លោក លី យុំាង និងកញ្ញា ពេជ្រ ថារី បានសំណូមពរប្រជាពលរដ្ឋ ឲ្យជឿលើប្រព័ន្ធផ្សព្វផ្សាយណា ដែលមិនបំភ្លៃពី Covid-19 ពោលមិនត្រូវភ័យខ្លាចហួសហេតុពេកនោះទេ។

សូមបញ្ជាក់ថា ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវសារអប់រំស្តីពីការការពារជំងឺ Covid-19 ខណៈបច្ចុប្បន្ននេះ កំពុងតែរីករាលដាលនៅក្នុងប្រទេសកម្ពុជា។ ការស្នើបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញ ជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រយុទ្ធប្រឆាំងជំងឺ Covid-19 ប្រមាណ៤០០នាក់ នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «វិទ្យុ ទូរទស្សន៍ និងបណ្តាញឃោសនាទាំងអស់ ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ ឱ្យបានញឹកញាប់ ក្រសួងសុខាភិបាល ចេះតែផលិត ផលិតសម្រាប់វិទ្យុ ទូរទស្សន៍ផង ផលិតសម្រាប់យកទៅផ្សព្វផ្សាយតាមសារព័ត៌មាននានា ទាំងតាម Facebook ទាំងតាម Online ទាំងតាមកាសែត»។ សម្តេចក៏បានថ្លែងអំណរគុណ ដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ដែលតែងតែបានផ្សព្វផ្សាយពីសារអប់រំ ស្តីពីការការពារ Covid-19 ផងដែរ។

ក្រសួងសុខាភិបាលកម្ពុជា បានក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងដាក់វិធានការបង្ការការចម្លងជំងឺ Covid-19។ ក្រសួងបានចេញវិធានការ មួយចំនួនដូចជា៖

*ចៀសវាងធ្វើដំណើរ ឬផ្អាកការធ្វើដំណើរ ប្រសិនមានគ្រុនក្តៅ និងក្អក។
*ប្រសិនមានគ្រុនក្តៅ ក្អក និងពិបាកដកដង្ហើម ត្រូវស្វែងរកការព្យាបាលជាបន្ទាន់ និងប្រាប់ពីប្រវត្តិនៃការធ្វើដំណើររបស់អ្នកដល់គ្រូពេទ្យ។ *ចៀសវាងការប៉ះពាល់ជាមួយអ្នកដែលមានគ្រុនក្តៅ និងក្អក។
*លាងដៃឲ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុលជេល និងចៀសវាងប៉ះពាល់ភ្នែកច្រមុះ ឬមាត់៥៖ នៅពេលក្អក ឬកណ្ដាស់ត្រូវខ្ទប់មាត់ និងច្រមុះអ្នកដោយប្រើកែងដៃ ឬក្រដាស រួចបោះចោលក្នុងធុងសំរាមភ្លាម និងលាងដៃរបស់អ្នក។
*ប្រសិនអ្នកពាក់ម៉ាស់ ត្រូវប្រាកដថា ពាក់គ្របលើមាត់ និងច្រមុះ ប៉ុន្តែចៀសវាងការប៉ះម៉ាស់ផ្ទៃខាងក្រៅនៅពេលកំពុងពាក់ និងពេលដោះ។ *និងត្រូវបោះចោលភ្លាមនូវម៉ាស់ដែលបានប្រើរួច និងលាងដៃឲ្យស្អាតបន្ទាន់ពីដោះម៉ាស់។
*ប្រសិនអ្នកចាប់ផ្តើមឈឺពេលកំពុងធ្វើដំណើរត្រូវប្រាប់អ្នកបំរើលើយន្តហោះ និងស្វែងរកការព្យាបាលឲ្យបានឆាប់ និងប្រាប់ពីប្រវត្តិនៃការធ្វើដំណើរដល់គ្រូពេទ្យ។
*បរិភោគតែអាហារណាដែលឆ្អិនល្អ។
*មិនត្រូវខាកស្តោះនៅទីសាធារណៈ។
*ជៀងវាងការប៉ះពាល់ និងធ្វើដំណើរជាមួយសត្វដែលឈឺ៕

ចង់ដឹងថាបទចម្រៀង «រួមគ្នាទប់ស្កាត់ Covid-19» មានអត្ថន័យយ៉ាងណានោះ សូមស្តាប់ និងទស្សនាតាមរយៈតំណរភ្ជាប់មួយនេះ https://youtu.be/bHll0bu-rFo