(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំស្វាយយា ស្រុកស្វាយជ្រំ បានថ្លែងអំពាវនាវ ដល់បងប្អូនកម្មករ ដែលទើបតែវិលត្រលប់មកពីក្រៅប្រទេសចូលមកភូមិឋានវិញ ត្រូវស្ម័គ្រចិត្តរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសិន ចាំឲ្យមានទំនាក់ទំនង ជិតស្និតជាមួយគ្រួសារ ក្នុងករណីគ្មានរោគសញ្ញាជំងឺ Covid19 តែបើមានរោគសញ្ញាដូចនិយមន័យជំងឺ Covid19 ត្រូវប្រញាប់ទាក់ទងមូលដ្ឋានសុខាភិបាល ដែលនៅជិតភូមិ ឃុំ រឺទាក់ទងទៅលេខ១១៥ ជាបន្ទាន់។

លោក តូច ប៉ូលីវ៉ា បានថ្លែងយ៉ាងដូច្នេះនៅព្រឹកថ្ងៃទី0២ ខែមេសា ឆ្នាំ២០២០នេះ ខណៈដែលលោកនាំយកសម្ភារៈគាំទ្រ ក្នុងការផ្សព្វផ្សាយប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ19 ផ្ដល់ឱ្យក្រុមប្រឹក្សាឃុំស្វាយយា ដើម្បីធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩ ។

លោក តូច ប៉ូលីវ៉ា បានបន្តថា អាជ្ញាធរត្រូវចូលរួមការពារឲ្យបានម៉ឺងម៉ាត់ដើម្បីបង្ការ ទប់ស្កាត់នូវការឆ្លងរាលដាលនៃជំងឺនេះ ដោយរដ្ឋបាលខេត្ត គឺនៅតែបន្តនិងអនុវត្ត ឲ្យកាន់តែសកម្មថែមទៀត នូវការផ្សព្វផ្សាយអប់រំណែនាំឲ្យកាន់តែទូលំទូលាយ និងផុសផុសជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងខេត្ត ទាំងវិធានការបង្ការ វិធានការអនាម័យ និងវិធានការចត្តាឡីស័ក ដែលណែនាំដោយក្រសួងសុខាភិបាល ព្រមទាំងបង្កើន និងពង្រឹងការអនុវត្តវិធានការទាំងនេះនៅតាមបណ្ដាអង្គភាពរដ្ឋ ឯកជន និងរោងចក្រ សហគ្រាសទាំងអស់នៅក្នុងខេត្តផងដែរ។

លោកបានបន្ថែមថា អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ត្រូវតាមដាននិងក្ដាប់ឲ្យបានច្បាស់លាស់នូវស្ថិតិប្រជាពលរដ្ឋដែលបានចូលមកដល់មូលដ្ឋាន និងរាយការណ៍ជាប្រចាំថ្ងៃ មកថ្នាក់ស្រុក ខេត្ត ជាពិសេសត្រូវអប់រំណែនាំពួកគាត់ឲ្យបានយល់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន អំពីវិធានការនៃការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ នៅតាមផ្ទះជាលក្ខណៈបុគ្គល ហើយក្នុងករណីមានការសង្ស័យត្រូវនាំគាត់ទៅពិនិត្យ និងព្យាបាលជាបន្ទាន់។

សូមបញ្ជាក់ថា សម្ភារៈដែលនាំទៅចែកជូនដល់ក្រុមប្រឹក្សាឃុំស្វាយយា រួមមាន៖ ជែលលាងដៃ ម៉ាស់ ខិតប័ណ្ណផ្សព្វផ្សាយ សាប៊ូលាងដៃ របាំងការពារផ្ទៃមុខ និងសៀវភៅណែនាំអំពីការទប់ស្កាត់ និងការពារជំងឺកូវីដ១៩ ៕