(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ បានត្រៀមខ្លួនរួចជាស្រេចរង់ចាំស្តាប់បទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 បើសិនករណីគ្រប់គ្រងប្រទេសក្នុងគ្រាមានអាសន្ន។

ការបញ្ជាក់បែបនេះរបស់នាយឧត្តមសេនីយ៍ ឈុំ សុជាត បានធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលនាយឧត្តមសេនីយ៍ បានអញ្ជើញជាវិគ្មិន ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងការពារជាតិ» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សភាពការណ៍ការហ្វឹកហ្វឺន ការប្រុងប្រៀប ដើម្បីប្រយុទ្ធប្រឆាំងនឹងកូរ៉ូណា គឺក្រសួងការពារជាតិ មានការប្រុងប្រៀបខ្ពស់ណាស់ ទាំងកម្លាំង ទាំងសម្ភារ ទាំងបច្ចេកទេស យើងមានការប្រុងប្រៀងអស់ហើយ [...] ការត្រៀមលក្ខណៈ ដើម្បីប្រើប្រាស់កម្លាំងអនុវត្តន៍ទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាល គឺយើងមានត្រៀមអស់ហើយ អត់មានអីប្រែប្រួលទេ ឱ្យតែមានបទបញ្ជា គឺយើងធ្វើហើយ ទាហាន គឺដាច់ខាតតែម្តង»

នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា កងយោធពលខេមរភូមិន្ទ បានប្រកាសជានិច្ចនៅជាមួយរាជរដ្ឋាភិបាល ហើយកងទ័ពជាឆ្អឹងខ្នង ដើម្បីការពារប្រជាពលរដ្ននូវគ្រប់កាលៈទេសៈ មិនថាសង្គ្រាមរវាងបច្ចាមិត្តណាឈ្លានពាន ឬធ្វើសង្គ្រាមជាមួយនឹងវីរុស COVID-19 នេះ ក៏កងទ័ពស្ម័គ្រចិត្តនៅឈរជួរមុខ ដើម្បីជួយទប់ស្កាត់មិនរាថយជាដាច់ខាត និងមិនរត់ចោល ប្រជាពលរដ្ឋនោះឡើយ សាច់ស្រស់ ឈាមស្រស់របស់កងទ័ព គឺដើម្បីបូជាជូនជាតិមាតុភូមិកម្ពុជាទាំងមូល។

អ្នកនាំពាក្រសួងការពារជាតិរូបនេះ បានឱ្យដឹងថា រហូតពេលនេះ មិនទាន់មាននាយទាហាន ពលទាហានណាម្នាក់ ក្នុងជួរកងយោធពលខេមរភូមិន្ទកម្ពុជា បានឆ្លងវីរុស COVID-19 នៅឡើយទេ ដោយកងទ័ពបានអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ បន្ថែមពីនេះ ក្នុងនាមជាកងទ័ព បានប្តេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស ដ៏កាចសាហាវនេះ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា នៅថ្ងៃទី២ ខែមេសានេះ ក្រសួងសុខាភិបាលបានចេញប្រកាសនូវដំណឹងរីករាយបន្តទៀតហើយថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយរហូតដល់៩នាក់ ធ្វើឱ្យចំនួនអ្នកជាកើនឡើងរហូតដល់៣៤នាក់ ខណៈរកឃើញអ្នកឆ្លងថ្មីតែម្នាក់ប៉ុណ្ណោះ។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៧៦នាក់ នៃអ្នកឆ្លងសរុប១១០នាក់។

ករណីជាសះស្បើយចំនួន០៩នាក់ថ្មីនេះ មានជនជាតិខ្មែរ១នាក់ អាយុ៤០ឆ្នាំ នៅខេត្តសៀមរាប ជនជាតិប៊ែលហ្សិក១នាក់ អាយុ៣៣ឆ្នាំ នៅរាជភ្នំពេញ និងជនជាតិបារាំង៧នាក់ នៅខេត្តព្រះសីហនុ។

ដោយឡែកករណីរកឃើញអ្នកជំងឺកូវីដថ្មី១ករណីនេះវិញ គឺឆ្លងនៅលើបុរសជនជាតិខ្មែរម្នាក់ (រស់នៅសណ្ឋាការមួយក្នុងខេត្តព្រះសីហនុ)។ បុរសរូបនេះជាអ្នកគ្រប់គ្រង និងធ្វើបដិសណ្ឋារកិច្ចដោយផ្ទាល់ និងប៉ះពាល់ជាមួយនឹងភ្ញៀវទេសចរបារាំងទាំងអស់ ដែលរកឃើញមានផ្ទុកកូវីដ១៩ នៅខេត្តព្រះសីហនុកន្លងមក៕