(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការទប់ស្កាត់ការចរាចរឱសថ ឧបករណ៍បរិក្ខាពេទ្យ និងសារធាតុសម្លាប់មេរោគខុសច្បាប់ គ្រាកម្ពុជាកំពុងប្រឈមជាមួយជំងឺ COVID-19។
ការចេញសេចក្ដីជូនដំណឹងនេះ បន្ទាប់ពីគណៈកម្មាធិការ បានតាមដាន និងសង្កេតឃើញតាមបណ្ដាញសង្គម Facebook មានគណនីជាច្រើន កំពុងឆ្លៀតឱកាសផ្សព្វផ្សាយលក់ឱសថ ឧបករណ៍បរិក្ខាពេទ្យ និងសារធាតុសម្លាប់មេរោគយ៉ាងអនាធិបតេយ្យ ដូចជា ម៉ាស់ ឧកបរណ៍សម្លាប់មេរោគ អាល់កុល ជែល និងសារធាតុសម្លាប់មេរោគជាច្រើនប្រភេទទៀត ពុំមានការអនុញ្ញាតច្បាប់ពីក្រសួងមានសមត្ថកិច្ចឡើយ។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សូមអំពាវនាវដល់សាធារណជន មេត្ដាចូលរួម និងសហការផ្ដល់ព័ត៌មាន អំពីទីតាំងផលិត ឬទីតាំងចែកចាយ និងជនដែលផលិត ឬជនដែលចែកចាយផលិតផលដូចរៀបរាប់ខាងលើ ដែលក្រសួងសុខាភិបាលហាមឃាត់ សូមផ្ដល់ព័ត៌មានមកគណៈកម្មាធិការ។
សូមសាធារណជនទំនាក់ទំនងផ្ដល់ព័ត៌មានទៅគណៈកម្មាធិការ តាមរយៈលេខទូរស័ព្ទ 081 999 809 ឬតាមបណ្ដាញសង្គម Facebook «គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ-Counter Counterfeit Committlee» ឬមកកាន់ គណៈកម្មាធិការ ដែលមានទីតាំងនៅអគារ H ក្នុងក្រសួងមហាផ្ទៃ៕