(ភ្នំពេញ)៖ ក្រោមស្មារតីជ្រោងទង់ប្រទាញជ័យជាមួយជំងឺ Covid-19 ដែលកំពុងរាតត្បាតពិភពលោក ក៏ដូចជាប្រទេសកម្ពុជានាពេលបច្ចុប្បន្ន រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្សទាំងអស់របស់ខ្លួន ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រហូតដល់ជំងឺចង្រៃឧត្បាតនេះរសាយរលត់បាត់ពីកម្ពុជា។

នេះជាលើកដំបូងហើយ ដែលមានថ្នាក់ដឹកនាំមន្ត្រីរាជការរបស់កម្ពុជា ហ៊ានលះបង់ប្រយោជន៍ផ្ទាល់បរិច្ចាគធនធានដែលខ្លួនទទួលបានពីប្រជាពលរដ្ឋ តាមរយៈប្រាក់បៀវត្សពីរាជរដ្ឋាភិបាល យកទៅជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំងឺប្រភេទថ្មី Covid-19 នេះវិញ ខណៈរូបលោកស្រីក៏កំពុងជ្រោងទង់កម្ពុជាប្រកៀកស្មាជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការដទៃទៀត រួមគ្នាប្រយុទ្ធប្រឆាំងនឹងបិសាចកូវីដ១៩នេះផងដែរ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕