(ភ្នំពេញ)៖ បើទោះបីជាជំងឺរលាកសួតប្រភេទថ្មី ដែលបង្កដោយមេរោគ COVID-19 កំពុងរាតត្បាតយ៉ាងណាក៏ដោយ ជនមានពិការភាពនៅក្នុងសមាគមតន្ត្រីសំនៀងជនពិការ នៅតែទទួលបានយកចិត្តទុកដាក់ខ្ពស់ ពីសប្បុរសជននានា។

ជាក់ស្តែងសមាគមតន្ត្រីសំនៀងជនពិការ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ បានទទួលអំណោយសប្បុរសធម៌ជាស្បៀងអាហារ និងថវិកា ៧លានរៀល ពីសប្បុរសជនមានឈ្មោះថា អ្នកនាង សៀវម៉ី។ អ្នកនាង សៀវម៉ី បានឧបត្ថម្ភស្បៀងអាហារដូចជា អង្គរ២តោន ត្រីងៀត៥គីឡូក្រាម សាច់ក្រក៥គីឡូក្រាម មី៦០កេស ទឹកអាល់កុលលាងដៃ ១០០ដបផងដែរ។

លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានអរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជន ដែលបានចែករំលែកនូវអ្វីដែលខ្លួនមាន និងផ្តល់ឲ្យជនមានពិការភាព នៅក្នុងកាលៈទេសៈ ដែលកម្ពុជាកំពុងមានមេរោគ COVID-19 ។ លោកស្រីថ្លែងថា នៅក្នុងពេលនេះ អ្នកណាក៏ខ្លាចដែរ មិនហ៊ានចេញពីផ្ទះ ដើម្បីការពារខ្លួន ផ្ទុយទៅវិញសប្បុរសជន បានចំណាយពេលវេលា និងទ្រព្យធន ក៏ដូចជាស្បៀងអាហារ យកមកចែករំលែកដល់ជនមានពិការភាព ដែលនេះជាសកម្មភាពគួរឲ្យគោរព។

លោកស្រី ញ៉ែម មរកត ដែលជាសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការ និងជាប្រធានកិត្តិយសសមាគមតន្ត្រីសំនៀងជនពិការផងនោះ បានបន្តថា «សូមអំពាវនាវដល់សប្បុរសជន មេត្តាចូលរួមជាមួយនឹងយើងខ្ញុំ ទៅតាមលទ្ធភាព ទោះបីជាតិចក្តីច្រើនក្តី ជាស្បៀងអាហារ យកមកប្រគល់នៅសមាគមតន្រ្តីសំនៀងជនពិការ ដោយផ្ទាល់បាន។ យើងស្វាគមន៍សប្បុរសជន ធ្វើម៉េចយើងជួយគ្នា នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ព្រោះយើងថាមានកាយសម្បទាគ្រប់គ្រាន់ហើយនៅលំបាកទៀត ចុះទម្រាំគ្នាវិញ តើលំបាកយ៉ាងណា»?

សម្រាប់អ្នកនាង សៀម៉ី បានថ្លែងថា មូលហេតុដែលអ្នកនាង ចូលរួមឧបត្ថម្ភដោយសារមើលឃើញពីទុក្ខលំបាករបស់ជនមានពិការភាព ក្នុងកាលៈទេសៈមេរោគ COVID-19 កំពុងរាតត្បាត ដែលធ្វើឲ្យពួកគាត់មិនមានការងារធ្វើ នាំឲ្យប៉ះពាល់ដល់ជីវភាពផងដែរ។ ថ្លែងដោយអួលដើមកផងនោះ សៀវម៉ី បានអំពាវនាវដែរថា ក្នុងកាលៈទេសៈដ៏លំបាករបស់ជនពិការពេលនេះ មានតែជំនួយពីសប្បុរសជនទេ ហេតុដូច្នេះសូមសប្បុរសជននានា ចូលរួមជួយជនមានពិការភាពតាមលទ្ធភាពរៀងៗខ្លួន។

ប្រធានសមាគមតន្រ្តីសំនៀងជនពិការ លោក ចាប តូ លើកឡើងថា ក្នុងសមាគមតន្រ្តីមានជនពិការភ្នែក និងកាយសម្បទា ជិត៣០០នាក់។ មុខរបរពួកគាត់ មានដូចជា ការម៉ាស្សា ដើរច្រៀង នៅតាមតំបន់រមណីយដ្ឋាន តាមរោងការ រោងបុណ្យ ដើម្បីយកថវិកាមកចិញ្ចឹមគ្រួសារ ប៉ុន្តែនៅក្នុងរយៈពេលដែល COVID-19 លុកលុយ គឺម្ចាស់ភោជនីយដ្ឋាន ក៏ដូចជារមណីយដ្ឋានមួយចំនួន ដែលជនពិការទៅធ្វើការបានបិទ ដើម្បីការពារការចម្លងមេរោគ ហេតុនេះទើបធ្វើឲ្យជនមានពិការភាព ប៉ះពាល់ដល់ការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

លោក ចាប តូ បានឲ្យដឹងផងដែរថា ក្រៅពីការងារដូចបានលើកឡើងនោះ សមាគមនេះ តែងតែទទួលបានការឧបត្ថម្ភពីសប្បុរសជន មិនដែលខានឡើយ ជាពិសេសពីសម្តេចម៉ែ ព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន និងកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដរ។ បុរសពិការភ្នែករូបនេះ សូមក្រាបថ្វាយព្រះពរ និងជូនពរដល់សម្តេចយាយ, សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សប្បុរសជននានាទាំងអស់ សូមមានព្រះជន្ម និងអាយុជាងរយវស្សា និងសូមថ្វាយព្រះពរព្រះកាយពលពលមាំមួន និងសុខភាពល្អបរិបូណ៌ជានិច្ច។

សមាគមតន្ត្រីសំនៀងជនពិការ ត្រូវបានបង្កើតនៅក្នុងឆ្នាំ២០១៣ ដោយលោក ចាប តូ ដែលជាជនពិការភ្នែកមើលមិនឃើញ។ សមាគមនេះ មានទីតាំងស្ថិតនៅភូមិជំរាល សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ហើយក៏ត្រូវបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃផងដែរ៕