(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (ចៃកា-JICA) បានផ្តល់សម្ភារ និងបរិក្ខារប្រព័ន្ធកាមេរ៉ាសម្រាប់ត្រួតពិនិត្យទំនិញជូនអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីរួមចំណែកត្រួតពិនិត្យទំនិញចេញ-ចូលក្នុងប្រទេសកម្ពុជា។

ពិធីប្រគល់ និងទទួលសម្ភារ បរិក្ខាប្រព័ន្ធកាមេរ៉ា ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន តាមរយៈ JICA បានធ្វើឡើងនាព្រឹកថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ), លោក Nagano Daisuke អ្នកជំនាញការ JICA ប្រចាំ អគរ និងលោក Tanaka Kotaro តំណាងជាន់ខ្ពស់របស់ JICA ប្រចាំនៅកម្ពុជា។

សូមបញ្ជាក់ថា គម្រោងប្រព័ន្ធកាមេរ៉ាត្រួតពិនិត្យគយនេះ ជាផ្នែកមួយនៃកម្មវិធីកំណែទម្រង់និងទំនើបកម្មគយ ក្នុងការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ត្រួតពិនិត្យទំនិញនាំចេញ-នាំចូល និងមធ្យោបាយដឹកជញ្ជូនដោយអនុលោមតាមច្បាប់ស្តីពីគយ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ដោយមានមុខងារសំខាន់ក្នុងការបញ្ជូនរូបភាពពីសាខា ការិយាល័យគយ និងរដ្ឋាករសំខាន់ៗមួយចំនួន មកមជ្ឈមណ្ឌលកណ្ដាលនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ក្នុងឱកាសនោះលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះ JICA ដែលតែងតែសហការ និងជួយគាំទ្រដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕