(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចដាក់ចេញផែនការថ្មីដោយបង្កើតស្តុករាជរដ្ឋាភិបាល ដោយតម្រូវឱ្យស្តុកនូវម៉ាសចំនួន១លានម៉ាសសម្លៀកបំពាក់គ្រូពេទ្យ ៥ពាន់កំប្លេ ម៉ាស N95 ៥០ម៉ឺនម៉ាស់ និងទឹកអាល់កុលចំនួន ១លានលីត្រ ទុកប្រើប្រាស់ក្នុងករណីមានការវិវឌ្ឍន៍មិនល្អណាមួយលើស្ថានភាពជំងឺកូវីដ១៩។
នៅក្នុងសារសំឡេងបទបញ្ជាទៅកាន់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅក្នុងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើទោះបីថាស្ថានការវិវឌ្ឍន៍នៃការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន មិនស្ថិតក្នុងស្ថានភាពអាក្រក់យ៉ាងណាក្តី តែដើម្បីប្រាកដថា កម្ពុជាមិនជួបបញ្ហាខ្វះម៉ាស សម្លៀកបំពាក់ និងទឹកអាល់កុលសម្រាប់ក្រុមគ្រូពេទ្យប្រើប្រាស់ត្រូវបង្កើតនូវស្តុកមួយសម្រាប់រាជរដ្ឋាភិបាល។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បែបនេះ «នេះជាការចាំបាច់ ព្រោះយើងមិនអាចឱ្យគ្រូពេទ្យណាម្នាក់ឆ្លងព្រោះតែខ្វះការទទួលខុសត្រូវ របស់យើងនោះទេ។ ឥឡូវនេះខ្ញុំសូមចេញនូវបទបញ្ជាបន្ថែម គឺយើងត្រូវមានការស្តុកបម្រុងរបស់រាជរដ្ឋាភិបាលមួយកម្រិតទៀត»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទាំងម៉ាស សម្លៀកបំពាក់សម្រាប់គ្រូពេទ្យ និងទឹកអាល់កុលនៅពេលប្រើអស់ គឺត្រូវផលិតយកមកបំពេញបន្ថែមភ្លាម។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ស្តុករបស់រាជរដ្ឋាភិបាល គឺរក្សានៅក្រសួងសុខាភិបាលដដែល តែនៅពេលយកទៅប្រើប្រាស់ត្រូវដាក់សំណើទៅកាន់សម្តេច។
នៅកម្ពុជាមកដល់ត្រឹមព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ មានអ្នកកើងជំងឺកូវីដ១៩ សរុប ១១៤នាក់។ ប៉ុន្តែមានអ្នកជំងឺចំនួន ៤៩នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ ខណៈអ្នកជំងឺកំពុងតែព្យាបាលមានចំនួន ៦៥នាក់។ តាមរយៈទិន្នន័យនេះត្រូវបានមើលឃើញថា ការវិវឌ្ឍន៍ជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា មិនមានស្ថានភាពអាក្រក់ដូចបណ្តាប្រទេសដែលកំពុងរងការយាយីដោយជំងឺកូវីដ១៩ដទៃទៀត នៅលើពិភពលោកនោះឡើយ។ ជាពិសេសនៅដែនដីអាមេរិក និងបណ្តាប្រទេសនៅតំបន់អឺរ៉ុប ដែលជាប្រទេសមានការអភិវឌ្ឍជឿនលឿននោះ។
ការរក្សាបាននូវស្ថានភាពល្អប្រសើរ ជាពិសេសការទប់ស្កាត់មិនឱ្យមានការរីករាលដាលខ្លាំងនេះ គឺមិនអាចកាត់ផ្តាច់បានឡើយពីការគ្រប់គ្រង និងការដាក់ចេញវិធានការទាំងឡាយរបស់រាជរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាអគ្គបញ្ជាការកំពូលក្នុងសមរភូមិប្រយុទ្ធជំងឺកូវីដ១៩នេះ ត្រូវបានគេមើលឃើញចេញមក គ្រប់គ្រងស្ថានការ និងដាក់ចេញផែនការជាបន្តបន្ទាប់ចាប់តាំងពីពេលកម្ពុជារកឃើញអ្នកឆ្លងជំងឺដំបូងនៅក្នុងខេត្តព្រះសីហនុ កាលពីខែមករាមកនេះ។
សម្តេចតេជោ ហ៊ុន សែន អគ្គមេបញ្ជាការកំពូលរបស់កម្ពុជា ត្រូវបានគេប្រសិទ្ធនាមជាអគ្គភស្តុភារមួយរូប ដែលតែងតែមានការទំនុកបម្រុងមិនដែលចេះខ្វះនោះឡើយ សម្រាប់សម្ភារៈប្រើប្រាស់កងទ័ព ជាពិសេសពេលនៅលើសមរភូមិសង្គ្រាម។ ក្នុងសមរភូមិសង្គ្រាមប្រយុទ្ធជាមួយកូវីដ១៩ ចាប់តាំងពីខែមករា សម្តេចតេជោ ហ៊ុន សែន ក៏បានចេញមកតាមដាន និងដាក់ចេញនូវវិធានការជាប់ជាប្រចាំទៅតាមស្ថានការណ៍វិវឌ្ឍន៍ជំងឺ។
គេនៅចាំបានថា ជំហានដំបូងពេលដែលស្ថានភាពជំងឺមិនរីករាលដាលខ្លាំងនោះ សម្តេចតេជោ ហ៊ុន សែន បានចេញមកបង្ក្រាបសភាពការណ៍មិនឱ្យពលរដ្ឋភ័យស្លន់ស្លោពេកនោះឡើយ ដោយត្រឹមណែនាំឱ្យមានការអនុវត្តន៍នូវវិធានការអនាម័យទាំងឡាយ។ លុះដល់កំលុងខែមីនា ពេលដែលជំងឺផ្ទុះឡើងកាន់តែខ្លាំងនៅលើពិភពលោក ហើយករណីឆ្លងនៅកម្ពុជាមានកាន់តែច្រើន សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចដាក់ចេញផែនការបិទជើងហោះហើរជាមួយប្រទេសផ្ទុះជំងឺកូវីដ១៩ខ្លាំង និង បិទព្រំដែនជាមួយប្រទេសជិតខាងផងដែរ។
បន្ថែមពីលើនោះសម្តេចតេជោ ក៏បានសម្រេចបិទកន្លែងកម្សាន្ត កន្លែងប្រមូលផ្តុំមនុស្សជាដើម។ រួមទាំងកម្មវិធីដែលមានការជួបជុំមនុស្សច្រើន ក៏ត្រូវបានណែនាំឱ្យរំសាយផងដែរ។
មិនត្រឹមតែការដាក់ចេញវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺប៉ុណ្ណោះទេ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវវិធានការរក្សាស្ថេរភាព តម្លៃទំនិញលើទីផ្សារ និងស្ថិរភាពស្បៀងអាហារនៅកម្ពុជា រហូតបិទមិនឱ្យនាំចេញស្រូវ និងអង្ករសទៅប្រទេសជិតខាងថែមទៀតផង។
សរុបជារួមមកតាមរយៈការតាមដាន និងដាក់ចេញផែនការគ្រប់គ្រងស្ថានការជាប់ជាប្រចាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលគេប្រសិទ្ធនាមជា «បុរសខ្លាំងរបស់កម្ពុជា» បានធ្វើឱ្យស្ថានការណ៍វិបត្តិបណ្តាលមកពីជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា មិនអាក្រក់ដូចបណ្តាប្រទេសមួយចំនួននៅលើពិភពលោកនោះឡើយ៕