(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះតាមរយៈ Facebook ផ្លូវការ សម្តេចបានថ្លែងអំណរគុណដល់ពលករខ្មែរទើបត្រឡប់មកពីបរទេស ដែលចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «អរគុណបងប្អូន និងកូនក្មួយពលករ ដែលទើបបានវិលត្រឡប់មកពីប្រទេសថៃ និងពីប្រទេសដទៃៗទៀត ដែលយល់ដឹងពីការទប់ស្កាត់នៃការរីករាលដាលជំងឺឆ្លងកូវីដ១៩ ដោយបានដាក់ខ្លួន និងក្រុមគ្រួសារឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ក្នុងពេលដែលរង់ចាំលទ្ធផលនៃការពិនិត្យសុខភាព។ ការដាក់ខ្លួនអោយនៅដាច់ដោយឡែកជាបណ្តោះអាសន្នមួយរយៈនេះ គឺដើម្បីសុខភាពផ្ទាល់ខ្លួនផង និងដើម្បីទប់ស្កាត់ និងកាត់បន្ថយការរីករាលដាល នៃការឆ្លងមេរោគពីគេមកយើងផងនឹងពីយើងទៅគេ»។
ជាមួយគ្នានេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានស្នើឲ្យបងប្អូនពលករបន្តធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាល និងសហការជាមួយមន្ទីរពេទ្យក្នុងករណីមានការសង្ស័យណាមួយ សូមខលលេខ ១១៥៕