(ភ្នំពេញ)៖ មន្ទីរពេទ្យជោរៃភ្នំពេញ ដែលមានបុគ្គលិកប្រមាណជិត១០០នាក់ បានរួមគ្នាផ្តល់ឈាម ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ជាលើកទី៩ ក្រោមពាក្យស្លោក «ទឹកចិត្តមនុស្សធម៌» គោលដៅ គឺចង់មានការជួយសង្គ្រោះជីវិតមនុស្ស ដល់អ្នកជំងឺកំពុងត្រូវការឈាមជាបន្ទាន់។

ការបរិច្ចាគឈាមនេះ ធ្វើឡើងនាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅមន្ទីរជោរៃភ្នំពេញ ក្នុងនោះក៏មានការចូលរួមពីលោកវេជ្ជបណ្ឌិត តូច ថាញ់ត្រា អគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញ និងលោក សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្រៅពីនោះក៏មានបុគ្គលិកមន្ទីរពេទ្យ ចូលរួមប្រមាណជា១០០នាក់ផងដែរ។

លោក សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានបញ្ជាក់ថា «បញ្ហាឈាមមិនមែនជាបញ្ហារបស់ក្រសួងសុខាភិបាល ឬមជ្ឈមណ្ឌលជាតិផ្ដល់ឈាមតែមួយទេ គឺជាបញ្ហាទាំងអស់គ្នា ដូច្នេះសូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស»

លើសពីនេះលោកបន្ថែមថា បើគិតជាតួលេខរួមមានប្រហែល២៥% នៃប្រជាជនទូទាំងប្រទេសកម្ពុជា បានចូលរួមបរិច្ចាកឈាមដោយស្ម័គ្រចិត្ត។ ឆ្លៀតក្នុងឱកាសនេះ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមរូបនេះ ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមបរិច្ចាគឈាម ប្រកបដោយមនុស្សធម៌ ព្រោះជាកាយវិការមួយដ៏ថ្លៃថ្លា គួរឲ្យគោរពបំផុត។

លោកវេជ្ជបណ្ឌិត តូច ថាញ់ត្រា បានបញ្ជាក់ថា «សម្រាប់ថ្ងៃនេះជាលើកទី៩ហើយ ដែលមន្ទីរជោរៃភ្នំពេញ បានរៀបចំកម្មវិធីមនុស្សធម៌នេះឡើង ក្រោមពាក្យស្លោកថា ទឹកចិត្តមនុស្សធម៌ ដែលជាគោលដៅតែមួយ គឺក្នុងការជួយសង្គ្រោះជីវិតរបស់អ្នកជំងឺ ដែលកំពុងត្រូវការឈាមជាបន្ទាន់»។

លោកបន្ថែមថា ក្នុងមួយឆ្នាំមន្ទីរពេទ្យជោរៃភ្នំពេញ រៀបចំកម្មវិធីបរិច្ចាគឈាម២ដង ជូនដល់មជ្ឈមណ្ឌលជាតិ ផ្ដល់ឈាមដើម្បីសង្គ្រោះជីវិតមនុស្ស ហើយនេះជាលើកទី៨ហើយ ដែលមន្ទីរពេទ្យជោរៃ បានធ្វើកម្មវិធីបរិច្ចាគឈាម ដោយលើកទី១៖ មានអ្នកចូលរួម៦០នាក់, លើកទី២៖ មានអ្នកចូលរួមចំនួន៧០នាក់, លើកទី៣៖ មានការចូលរួម៨០នាក់, លើកទី៤៖ មានជាង១០០នាក់, លើកទី៥៖ ជាង១០០នាក់, លើកទី៦៖ក៏មានជាង១០០នាក់, លើកទី៧៖ មានប្រមាណ១០០ និងលើកទី៨មានជាង១០០នាក់ផងដែរ។

លោកវេជ្ជបណ្ឌិត តូច ថាញ់ត្រា អគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញ ក៏បានប្តេជ្ញាថានឹងបន្តការការមនុស្សធម៌នេះ ក្នុងមួយឆ្នាំយ៉ាងតិចណាស់ឲ្យបាន២ដង ដើម្បីធ្វើយ៉ាងណាជួយបរិច្ចាគឈាម មជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា។

សូមបញ្ជាក់ផងដែរថា មន្ទីរពេទ្យជោរៃភ្នំពេញ តែងតែធ្វើសកម្មភាពមនុស្សធម៌ជាច្រើនទៀត ដូចជាការចែកជូនថ្នាំពេទ្យដោយឥតគិតថ្លៃជូនអ្នកជំងឺមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ នៅតាមបណ្តាខណ្ឌមួយចំនួននៅទីក្រុងភ្នំពេញ បន្ទាប់ពីការបរិច្ចាគឈាមរបស់បុគ្គលិកជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជាជាជម្រើសទីមួយ៕