(ភ្នំពេញ)៖ ប្រសិនបើមានការងារធ្វើ ឬកន្លែងស្នាក់នៅត្រឹមត្រូវ សូមទាន់កុំត្រលប់មកកម្ពុជាវិញនាឱកាសបុណ្យចូលឆ្នាំថ្មីនេះ ពីព្រោះបើទោះជាមកកម្ពុជាក៏ត្រូវតែដាក់ឱ្យនៅដោយឡែក ១៤ថ្ងៃ ហើយពេលចេញទៅប្រទេសថៃវិញក៏គង់តែគេតម្រូវឱ្យនៅរយៈពេល ១៤ថ្ងៃ ទៀតដែរ។ នេះជាសារអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែងទៅកាន់ពលករខ្មែរនៅប្រទេសថៃ។
ការសំណូមពរយ៉ាងដូច្នេះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងក្នុងសន្និសីទព័ត៌មានពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅវិមានសន្តិភាព។
សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាពិតជាមានកង្វល់ចំពោះសុខភាព សុវត្ថិភាព និងការធ្វើដំណើរចល័តរបស់ពលករដែលមកពីប្រទេសថៃ ទោះបីថាពលករជាង ៦ម៉ឺននាក់ ដែលចូលមកកម្ពុជាហើយនោះ មានការគ្រប់គ្រងបានល្អយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់ពលករដែលបន្តចូលមក និងគ្រោងចូលមកកម្ពុជាទៀតនោះ គឺពិតជាមានការព្រួយបារម្ភណាស់ដែរ។
ដូច្នេះហើយ បានជាងរាជរដ្ឋាភិបាលសូមអំពាវនាវដល់ប្រជាពលករខ្មែរដែលកំពុងធ្វើការ និងស្នាក់នៅប្រទេសថៃ ប្រសិនបើនៅមានការងារធ្វើ មានកន្លែងស្នាក់នៅត្រឹមត្រូវនៅទីនោះ សូមកុំទាន់ត្រលប់មកកម្ពុជាវិញអី ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ ពីព្រោះប្រសិនបើចូលមកដល់មាតុភូមិវិញ ក៏គង់តែត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែក ១៤ថ្ងៃ ហើយដល់ពេលត្រូវត្រលប់ទៅធ្វើការនៅថៃវិញ ក៏គង់តែត្រូវគេដាក់ឱ្យនៅដាច់ដោយឡែក ១៤ថ្ងៃ ដូចគ្នាដែរ សរុបគឺមិនមែនជាការងាយស្រួលនោះឡើយ។
សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «សម្រាប់ពលករដទៃទៀត ដែលមានការងារធ្វើ ឬមានលទ្ធភាពដើម្បីរស់នៅទីនោះ កុំទាន់មកប្រទេសកំណើតវិញ ព្រោះទោះបីជាមកក៏ត្រូវដាក់ឱ្យនៅ ១៤ថ្ងៃ ដាច់ដោយឡែកពីគេ, ចង់ត្រលប់ទៅប្រទេសថៃវិញក៏ទៅមិនបាន ក្នុងពេលដែលថៃក៏ប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នផងដែរ ហើយប្រសិនបើទៅថៃវិញបានក៏គេតម្រូវឱ្យនៅដាច់ដោយឡែក ១៤ថ្ងៃ ថែមទៀតដែរ ដូច្នេះមិនចាំបាច់មកល្អជាង»។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា ទោះបីមានការព្រួយបារម្ភចំពោះការចល័តរបស់ប្រជាពលករខ្មែរមកពីថៃយ៉ាងនេះក្ដី ក៏រាជរដ្ឋាភិបាលកម្ពុជាមិនអាចបិទព្រំដែនមិនឱ្យប្រជាជនចូលមកក្នុងប្រទេសវិញនោះទេ តែត្រូវមានវិធានការកុំឱ្យជំងឺនេះឆ្លងមកដល់ក្នុងប្រទេស និងក្រុមគ្រួសាររបស់ខ្លួន ពិសេសអាជ្ញាធរត្រូវក្ដាប់ស្ថានការណ៍របស់ពលករមួយចំនួន ដែលចេញចូលតាមច្រករបៀងផ្សេងៗ។
ប្រមុខរាជរដ្ឋាភិបាលបានបន្ថែមទៀតថា ក្នុងចំណោមជម្រើសដែលគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដាក់ជូនសម្ដេចសម្រាប់ដោះស្រាយបញ្ហាពលករមកពីថៃនោះ សម្ដេចតេជោបានសម្រេចជ្រើសរើសយកជម្រើសទី៤ គឺអនុញ្ញាតឱ្យមានការវិលត្រលប់ ប៉ុន្តែត្រូវពង្រឹងការត្រួតពិនិត្យ ដោយមានការដឹកជញ្ជូនទៅដល់មូលដ្ឋាន និងគ្រប់គ្រងនៅមូលដ្ឋានឱ្យបានហ្មត់ចត់៕