(ភ្នំពេញ)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងប្រគល់អំណោយ លើកទី២ នូវសាប៊ូចំនួន៨១០ដុំ ផ្ទាំងរូបភាពផ្សព្វផ្សាយស្តីពី វិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ និងវិធីសម្អាតដៃ រួមទាំងផ្ទាំងរូបភាពផ្សេងៗទៀត ជូនសាខាកាកបាទក្រហមកម្ពុជាទាំង ២៥រាជធានីខេត្ត។

ពិធីប្រគល់ទទួលនេះ បានធ្វើឡើងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។

ដោយឡែក សាខាកាកបាទក្រហមកម្ពុជា ចំនួន៧ ជាអាទិភាព ដែលមានកណីឆ្លងជំងឺកូវីដ១៩ ទទួលបាន ម៉ាស់ ៤,០០០ប្រអប់(ស្មើនឹង ២០០,០០០ម៉ាស់)
សម្រាប់មន្ត្រី បុគ្គលិក និងអ្នកស្ម័គ្រចិត្តរបស់សាខា ក្នុងពេលបំពេញបេសកកម្មមនុស្សធម៌ ផ្សព្វផ្សាយ និងសម្រាប់បន្តចែកជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរាជធានីខេត្តនីមួយៗ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា។

ជាមួយគ្នានោះ សាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានីខេត្ត ក៏បានផ្លាស់ប្តូរបទពិសោធន៍នូវយុទ្ធនាការចុះផ្សព្វផ្សាយកន្លងមកផងដែរ។

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញេីសួរសុខទុក្ខ និងក្តីនឹករលឹកចំពោះមន្ត្រី-បុគ្គលិកសាខាទាំងអស់ ព្រមទាំងសូមផ្តាំផ្ញេីដល់ មន្ត្រី បុគ្គលិក និងអ្នកស្ម័គ្រចិត្ត ជាប្រតិបត្តិករមនុស្សធម៌ទាំងអស់ សូមយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួនជាចម្បង។

តាមរយៈការលើកកម្ពស់ចំណេះដឹង និងចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ ស្តីពី វិធានការការពារ និងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ព្រមទាំងតាមដានព័ត៌មានយ៉ាងជាប់លាប់ និងសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីប្រសិទ្ធភាពការងារក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នេះ៕