(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ បានចេញអ នុក្រឹត្យមួយ សម្រេចលើកពេលដោយមិនកំណត់ សម្រាប់ការឈប់សម្រាករយៈពេល៤ថ្ងៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

បើតាមអនុក្រឹត្យនេះ, នៅថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២០ ដែលជាថ្ងៃឈប់សម្រាកដើម្បីចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងប្រតិទិនឈប់សម្រាកឆ្នាំ២០២០ មន្រ្តីរាជការ និយោជិត កម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញការងារដូចថ្ងៃធ្វើការធម្មតា ដោយមិនឈប់សម្រាកឡើយ។

សូមបញ្ជាក់ថា ក្នុងសន្និសីទព័ត៌មានពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅវិមានសន្តិភាព នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ប៉ុន្តែត្រូវទទួលទេវតាឆ្នាំថ្មីនៅតាមផ្ទះរៀងៗខ្លូនដូចរាល់ឆ្នាំ ចំណែកស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនវិញក៏ត្រូវបន្តធ្វើការធម្មតា ហើយរដ្ឋនឹងសងរយៈពេល៥ថ្ងៃវិញ នៅពេលសមស្របតាមក្រោយ។

សម្ដេចតេជោ បានបន្តថា ទោះបីជាឈប់សម្រាកយ៉ាងណា ក៏មិនមែនជាប្រការល្អនោះដែរ ពីព្រោះរាជរដ្ឋាភិបាលបានហាមមិនឱ្យទៅស្រុកកំណើត។ ម្យ៉ាងទៀត ប្រជាជននៅជនបទភ័យខ្លាចប្រជាជននៅទីក្រុងនាំជំងឺទៅដល់ជនបទ រីឯអ្នកទីក្រុងក៏ខ្លាចនាំជំងឺពីជនបទចូលមកទីក្រុងដែរ ដូច្នេះប្រសិនបើខ្លាចទៅខ្លាចមកបែបនេះ យល់ល្អត្រូវតែដាក់ខ្លួនឯងឱ្យនៅនឹងកន្លែងតែម្ដងចុះ។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការធ្វើបែបនេះក៏ជាវិធានការដ៏មានប្រសិទ្ធភាពមួយ ក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ផងដែរ។ សម្តេចជោ សូមលើកដៃសំពះអង្វរកសុំការយោគយល់ប្រជាពលរដ្ឋ ចំពោះការផ្អាកបុណ្យចូលឆ្នាំថ្មី ព្រោះបើសិនមានការឆ្លងអ្នកស្លាប់គឺប្រជាពលរដ្ឋខ្លួនឯង។

សូមបញ្ជាក់ថា រហូតដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១១៧ករណី ដែលក្នុងនោះមាន៦៣នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ ខណៈដែលអ្នកជំងឺកូវីដ១៩ ចំនួន៥៤នាក់ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យមួយចំនួន ក្នុងប្រទេសកម្ពុជា៕

ខាងក្រោមនេះជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា៖