(ភ្នំពេញ)៖ ក្នុងសារផ្ញើជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីតាមទម្លាប់ដូចបណ្តាឆ្នាំកន្លងទៅដែរនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្រៅតែពីបានបង្ហាញនូវសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបាននៅក្នុងឆ្នាំចាស់ហើយនោះ ក៏បានបង្ហាញពីការប្តេជ្ញាចិត្ត និងទិសដៅការងារជាអាទិភាពទាំងឡាយ ដែលនឹងត្រូវប្រឹងប្រែងសម្រេចឱ្យបាននៅក្នុងឆ្នាំថ្មីផងដែរ។
ក្នុងសារលិខិតដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំថ្មី រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តធ្វើកំណែទម្រង់រដ្ឋដ៏ស៊ីជម្រៅតាមអភិក្រមទាំង៥ ដែលសម្តេចបានដាក់ចេញ គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់»។
ក្រៅតែពីបង្ហាញពីការបន្តធ្វើកំណែទម្រង់ស៊ីជម្រៅហើយនោះ ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន សម្តេចតេជោ ហ៊ុន សែន ក៏បានអះអាងផងដែរថា ឆ្នាំថ្មីរាជរដ្ឋាភិបាល នឹងពង្រឹងអភិបាលកិច្ចល្អ តាមរយៈការពង្រឹងស្ថាប័នថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
រាជរដ្ឋាភិបាលនឹងបន្តកែទម្រង់រដ្ឋបាលសាធារណៈ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយជាដើម។ ក្រៅពីនោះរាជរដ្ឋាភិបាល នឹងបន្តប្រឹងប្រែងអភិវឌ្ឍធនធានមនុស្ស កែលម្អប្រព័ន្ធអប់រំឱ្យកាន់តែមានគុណភាពខ្ពស់ ដោយផ្សារភ្ជាប់ជាមួយសេដ្ឋកិច្ចឌីជីថលបដិវត្តន៍ឧស្សាហកម្មទី៤ ទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។
សម្តេចតេជោ បានបន្ថែមទៀតថា រាជរដ្ឋាភិបាលក៏នឹងបន្តលើកកម្ពស់ប្រព័ន្ធគាំពារសង្គម ការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំណង់ ផ្លូវ ស្ពាន និងធារាសាស្ត្រ បង្កើនប្រភពថាមពលអគ្គិសនី បន្តពង្រីកបណ្ដាញចែកចាយថាមពលអគ្គិសនីឱ្យ បានគ្របដណ្ដប់នៅទូទាំងប្រទេស ជាពិសេសនៅតាមប៉ូលសេដ្ឋកិច្ចសំខាន់ៗ អភិវឌ្ឍវិស័យឧស្សាហកម្ម សិប្បកម្ម សេវាកម្មដឹកជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យកសិកម្ម ឱ្យកាន់តែរីកចម្រើនឥតឈប់ឈរថែមទៀត។
ក្នុងសារលិខិតនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រកាសថា រាជរដ្ឋាភិបាលនឹងខិតខំពុះពារគ្រប់បែបយ៉ាងជាបន្តទៀត ដើម្បីបន្តថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ ឱ្យបានកាន់តែរឹងមាំ ការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាល់សមិទ្ធផលដែលរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋទាំងមូលសម្រេចបាននាពេលកន្លងទៅ៕