(ភ្នំពេញ)៖ លោកមេធាវី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំប្រតិភូមេធាវី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី។
កិច្ចពិភាក្សា រវាងប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន និងលោក កើត រិទ្ធ បានធ្វើឡើងនៅទីស្តីការក្រសួងយុត្តិធម៌ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ រួមទាំងមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ យ៉ាងច្រើនផងដែរ។
នៅក្នុងជំនួបដ៏សំខាន់នេះ ភាគីទាំងពីរ បានពិភាក្សា លើបញ្ហាមួយចំនួន ដូចខាងក្រោម ៖
ទី១៖ ការការពារក្តីដល់ស្ត្រីក្រីក្រ ស្រ្តីមានផ្ទៃពោះ ឬស្ត្រីមានកូនតូច ដែលកំពុងជាប់ពន្ធនាគារ
ទី២៖ ការគាំទ្រគ្នាទៅវិញទៅមក ក្នុងការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមស្ថាប័នតុលាការ
ទី៣៖ ការពង្រឹង និងការពង្រីកកិច្ចសហការ ឱ្យកាន់តែជិតស្និទ្ធ រវាងក្រសួងយុត្តិធម៌ និងក្រុមមេធាវីរាជរដ្ឋាភិបាល រួមទាំងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន៕