(ភ្នំពេញ)៖ រដ្ឋាភិបាលនៃមហាមិត្តចិនបានប្រកាសថា ខ្លួនបានត្រៀមរួចជាស្រេច ក្នុងការបន្តផ្តល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជា តាមតម្រូវការដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩ (COVID-19) រហូតដល់ជំងឺមួយនេះអាចត្រូវទប់ស្កាត់បានដោយជោគជ័យ។ នេះបើតាមលោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន ថ្លែងក្នុងសន្និសីទមួយនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០។
លោក Zhao Lijian បានបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋាភិបាលចិន ត្រៀមខ្លួនជាស្រេចដើម្បីបន្តផ្តល់ការគាំទ្រ និងជំនួយជាអតិបរិមាដល់មិត្តកម្ពុជា ប្រសិនបើមានតម្រូវការកើតឡើង។ ចុងក្រោយ, យើងទាំងអស់គ្នានឹងទទួលបានជ័យជម្នះ ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក្នុងពេលឆាប់ៗនេះ។ រឹងមាំឡើងកម្ពុជា!»។
អ្នកនាំពាក្យរូបនេះ ក៏បានឆ្លើយតបនឹងអង្គភាពព័ត៌មាន Beijing Daily ដែលបានសួរអំពីសកម្មភាពពេទ្យជំនាញចិន ដែលទើបបញ្ចប់បេសកកម្មការងារនៅកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ លោកថ្លែងថា ក្រុមគ្រូពេទ្យចិន បានត្រឡប់មកប្រទេសចិន ពីប្រទេសកម្ពុជាវិញនៅថ្ងៃទី៧ ខែមេសា បន្ទាប់ពីបញ្ចប់បេសកកម្មរបស់ខ្លួន។
ក្រុមការងារជំនាញចិន ត្រូវបានរៀបចំឡើងដោយគណៈកម្មការសុខភាពជាតិ (The National Health Commission) រួមមានទាំង អ្នកជំនាញដែលត្រូវបានជ្រើសរើស ដោយគណៈកម្មការសុខាភិបាល នៃតំបន់ស្វយ័តក្វាងស៉ី (The health commission of Guangxi Zhuang Autonomous Region)។ ក្រុមនេះ បានមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមីនា, គឺជាក្រុមគ្រូពេទ្យដំបូងបង្អស់ ដែលប្រទេសចិនបានបញ្ជូនទៅកាន់បណ្តាប្រទេសអាស៊ាន ដើម្បីឆ្លើយតបទៅនឹង COVID-19 ។
លោកបន្តថា នៅកម្ពុជាក្រុមនេះបានធ្វើការប្រយុទ្ធប្រឆាំងនឹងមេរោគនេះ (COVID-19) រាល់ថ្ងៃ។ ពួកគេបានធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យ សហគមន៍ អាកាសយានដ្ឋាន សណ្ឋាគារ និងសួនឧស្សាហកម្ម ហើយក៏បានផ្តល់យោបល់ដល់ភាគីកម្ពុជា និងចែករំលែកបទពិសោធន៍របស់ពួកគេ ក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ។ ក្រៅពីនេះអ្នកជំនាញចិន ក៏បានផ្តល់ការណែនាំ និងជំនួយផ្នែកវេជ្ជសាស្ត្រ ដល់ពលរដ្ឋចិននៅកម្ពុជាផងដែរ។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនដដែលបានបន្ថែមថា ក្រុមការងារជំនាញចិនទាំងនេះ ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីប្រជាជនកម្ពុជា។ ដូចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា «ស្រឡាញ់គ្នាក្នុងគ្រាក្រ និងស្គាល់មិត្តល្អក្នុងគ្រាលំបាក»៕