(ព្រះវិហារ)៖ ចាត់ទុកជាដំណឹងរីករាយមួយ សម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅខេត្តព្រះវិហារ ដែលថ្ងៃនេះ នៅក្នុងខេត្តព្រះវិហារទាំងមូល មិនមានអ្នកជំងឺកូវីដ១៩ទៀតទេ បន្ទាប់ពីបុរសខ្មែរ ២នាក់ ត្រូវបានគ្រូពេទ្យព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ ក្រោយពួកគាត់បានទៅចូលរួម ពិធីសាសនា នៅប្រទេសម៉ាឡេស៊ីកាលពីខែមុន។

លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងឱ្យដឹងថា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះថា បុរសជនជាតិខ្មែរ ២នាក់ ដែលមានជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យបង្អែក ១៦ មករា ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយ ដោយសារពួកគាត់បានជាសះស្បើយ។

លោកបានបន្តថា បុរសខ្មែរអាយុ ៣៩ឆ្នាំ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ហើយនៅថ្ងៃនេះ បុរសជនជាតិខ្មែរម្នាក់ទៀត អាយុ៣៥ឆ្នាំ ក៏ត្រូវបានអនុញ្ញាត ឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញដែរ បន្ទាប់ពីគាត់បានជាសះស្បើយ ដែលបុរសខ្មែរទាំង២នេះ រស់នៅភូមិឡអិដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។

លោក គួង ឡូ បានគូសបញ្ជាក់ថា ទោះបីជាពួកគាត់បានជាសះស្បើយ និងចេញពីមន្ទីរពេទ្យក៏ពិតមែន តែពួកគាត់នៅធ្វើចត្តាឡីស័ក្តិ រយៈពេល១៤ថ្ងៃទៀត ដើម្បីតាមដានសុខភាពរបស់គាត់ ហើយនៅថ្ងៃនេះដែរ មន្ទីរសុខាភិបាលខេត្តព្រះវិហារ កំពុងរៀបចំធ្វើចត្តាឡីស័ក្តិកម្រិត១ នៅស្រុកជាំក្សាន្ត និងស្រុកគូលែន។

លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាព អនាម័យក្នុងការរស់នៅឱ្យបានល្អ ដោយអនុវត្តឱ្យបានជាប្រចាំ និងទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កុំឱ្យកើតមានឡើងនៅក្នុងភូមិ ស្រុក ក៏ដូចជាប្រទេសកម្ពុជាទាំងមូលជាដើម៕