(ភ្នំពេញ)៖ ទទ្ទឹមនឹងការយកចិត្តទុកដាក់ រយៈពេលវែងទៅលើសេដ្ឋកិច្ចរបស់ស្ត្រី និងការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងដើម្បីដោះស្រាយតម្រូវការ ជាបន្ទាន់ពីសហគមន៍មូលដ្ឋាន បន្ទាប់ពីការរីករាលដាលនៃជំងឺ COVID-19 ថ្ងៃទី១0 ខែមេសា ឆ្នាំ២០២០នេះ មូលនិធិ Visa បានប្រកាសពីសេចក្តីសម្រេចលើកម្មវត្ថុចំនួនពីរ ដែលមានទំហំទឹកប្រាក់សរុប ២១០លានដុល្លារ ដើម្បីទ្រទ្រង់អាជីវកម្មខ្នាតតូច និងខ្នាតមីក្រូ (អាជីវកម្មលក្ខណៈគ្រួសារ) ដល់បណ្តាប្រទេសនៅទូទាំងពិភពលោក។

*កម្មវត្ថុទី១៖ មានទឹកប្រាក់ចំនួន ១០លានដុល្លារ ត្រូវបានដាក់សម្រាប់ការផ្តល់ជំនួយបន្ទាន់ ដើម្បីគាំទ្រដល់អង្គការសប្បុរសធម៌នានា នៅសមរភូមិមុខដែលឆ្លើយតបទៅនឹងជំងឺ COVID-19 ដូចជាការផ្តល់ជំនួយសុខភាពសាធារណៈ និងជំនួយស្បៀងអាហារ នៅក្នុងតំបន់ភូមិសាស្ត្រនីមួយៗ នៃតំបន់ចំនួន ៥ដែលក្រុមហ៊ុន Visa ប្រតិបត្តិការ រួមមាន៖ អាមេរិកខាងជើង អាមេរិកឡាទីន និងការ៉ាប៊ីន អឺរ៉ុប អាស៊ីប៉ាស៊ីហ្វិច និងអឺរ៉ុបកណ្តាល មជ្ឈឹមបូព៌ា និងអាហ្វ្រិក។

*កម្មវត្ថុទី២៖ គឺការអនុម័តនូវទឹកប្រាក់ចំនួន ២០០លានដុល្លារ ជាយុទ្ធសាស្ត្រក្នុងរយៈពេល ៥ឆ្នាំ ដើម្បីគាំទ្រអាជីវកម្មខ្នាតតូច និងខ្នាតមីក្រូនៅជុំវិញ ពិភពលោក ដោយផ្តោតលើការគាំទ្រដល់ការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចរបស់ស្រ្តី។ សកម្មភាពនេះ គឺបានពង្រីកការគាំទ្រ រយៈពេលវែងរបស់មូលនិធិ Visa សម្រាប់អាជីវកម្មខ្នាតតូច និងខ្នាតមីក្រូទូទាំងពិភពលោក។ ថវិកាដែលទទួលបានពីមូលនិធិ Visa នឹងផ្តល់ដើមទុនដល់អង្គការក្រៅរដ្ឋាភិបាល និងដៃគូវិនិយោគដែលគាំទ្រអាជីវកម្មខ្នាតតូច និងខ្នាតមីក្រូ។

លោក Al Kelly នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Visa បានថ្លែងថា ស្របពេលជំងឺ COVID-19 បន្តរាតត្បាត បណ្តាសហគមន៍ កំពុងរងផលប៉ះពាល់ ហើយត្រូវការការគាំទ្រជាបន្ទាន់។ ក្នុងនាមជាក្រុមហ៊ុនសកលមួយដែលប្រតិបត្តិការអាជីវកម្មបែបក្នុងស្រុកទទួលស្គាល់ នូវតម្រូវការនេះ។ មូលនិធិក៏បានត្រៀមចិត្តរួចជាស្រេច ចំពោះដំណើរការងើបឡើងវិញដែលត្រូវការរយៈពេលវែង ហើយនឹងបន្តរិះរកវិធី ដែលអាចពន្លឿនសកម្មភាព នៃសេដ្ឋកិច្ចស្របតាមបេសកកម្ម ដើម្បីជួយដល់ការីកចម្រើនរបស់បុគ្គល អាជីវកម្ម និងសេដ្ឋកិច្ច។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា បណ្តាសហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម គឺជាផ្នែកមួយដ៏ធំ នៃសេដ្ឋកិច្ចកម្ពុជាដែលផ្តល់ការងារ ក៏ដូចជាផ្តល់ឱកាសដល់ប្រជាពលរដ្ឋជាច្រើន ជាពិសេសទៅលើស្ត្រី។ នៅក្នុងគ្រាលំបាកនេះ ក្រុមហ៊ុន Visa យើងរីករាយដែលបានចូលរួម ដើម្បីជួយដល់ប្រតិបត្ដិការទាំងនេះ ដែលវាជាផ្នែកដ៏សំខាន់មួយ របស់សហគមន៍ នៅទូទាំងប្រទេស ដើម្បីអាចបន្តធ្វើអ្វីដែលពួកគេអាចធ្វើបានទាំងពេលបច្ចុប្បន្ន និងបន្ទាប់ពីរោគរាតត្បាតត្រូវបានគ្រប់គ្រងទាំងស្រុង។

អ្នកស្រី ជុំ ម៉ូនីកា បានឱ្យដឹងថា អាជីវកម្មខ្នាតតូច និងខ្នាតមីក្រូ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចពិភពលោក ដែលមានច្រើនជាង ៩០ភាគរយ នៃអាជីវកម្ម ទូទាំងពិភពលោក និងរួមចំណែកពី ៥០ ទៅ៦០ ភាគរយនៃការងារសកល។ ឥណទានប្រចាំឆ្នាំដែលមានទឹកប្រាក់ចំនួន ៣០០ពាន់លានដុល្លារ ត្រូវបានផ្តល់ សម្រាប់កម្ចីអាជីវកម្មខ្នាតតូច និងខ្នាតមីក្រូដែលជាកម្មសិទ្ធិរបស់ស្ត្រី ហើយត្រូវបានគេរំពឹងថា នឹងមានការកើនឡើង ដោយសារតែវិបត្តិសេដ្ឋកិច្ចថ្មីៗ ដែលកំពុងរងសម្ពាធដោយសារតែ COVID-19។

លោក Al Kelly បានបន្ថែមទៀតថា៖ «ឥឡូវនេះ ជាពេលដែលយើងត្រូវតែពន្លឿនការគាំទ្រ ដល់អាជីវកម្មខ្នាតតូចនៅជួរមុខ ដែលជាចលកជំរុញ កំណើនសេដ្ឋកិច្ចជាងពេលណាៗទាំងអស់។ ដោយសារតែម្ចាស់អាជីវកម្មខ្នាតតូច និងខ្នាតមីក្រូ ជាស្ត្រី វានឹងមានឥទិ្ធពលខ្លាំង ដល់ការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី ដែលយើងជឿជាក់ថាជាវិធីមួយក្នុងចំណោមវិធីសំខាន់បំផុត ដើម្បីសម្រេចបាននូវសមភាពយេនឌ័រ កាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច»។

លោក Al Kelly បានបន្តថា តាមរយៈកម្មវិធីទ្រទ្រង់អាជីវកម្មខ្នាតតូច និងខ្នាតមីក្រូដែលមានទឹកប្រាក់ចំនួន ២០០លានដុល្លារ មូលនិធិ Visa នឹងផ្តល់ជំនួយ ៦០លានដុល្លារ ដល់អង្គការក្រៅរដ្ឋាភិបាល ដែលបានផ្តល់ការគាំទ្រដល់ម្ចាស់អាជីវកម្មខ្នាតតូច និងខ្នាតមីក្រូ ជាស្ត្រីនៅគ្រប់តំបន់ ដែលក្រុមហ៊ុន Visa ធ្វើប្រតិបត្តិការ។ មូលនិធិ Visa ក៏នឹងត្រៀមថវិកា ១៤០លានដុល្លារ ជាមួយដៃគូវិនិយោគ ដែលបង្កើតផលចំណេញផ្នែកសង្គម និងហិរញ្ញវត្ថុវិជ្ជមានសម្រាប់អាជីវកម្មខ្នាតតូច និងខ្នាតមីក្រូផងដែរ។

លោក Graham Macmillan ប្រធានមូលនិធិ Visa បានលើកឡើងថា៖ «ទឹកប្រាក់ ២០០លានដុល្លារ នៅក្នុងធនធានហិរញ្ញវត្ថុថ្មី បង្ហាញពីការប្តេជ្ញាចិត្ត បន្តគាំទ្រអាជីវកម្មខ្នាតតូច និងខ្នាតមីក្រូដោយ ផ្តោតលើការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ស្ត្រីនៅទូទាំងពិភពលោក។ នៅពេលស្ត្រីលូតលាស់ សហគមន៍ក៏នឹងរីកលូតលាស់។ យើងយល់ដឹងអំពីបញ្ហានេះច្រើនជាងពេលណាៗទាំងអស់ នៅពេលដែលសេដ្ឋកិច្ចពិភពលោកព្យាយាមស្តារ និងកសាងឡើងវិញ»