(កំពង់ឆ្នាំង)៖ ដោយសារតែមានការយល់ ដឹងអំពីការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងដែលទៅធ្វើការនៅក្រៅប្រទេស ពិសេសនៅប្រទេសថៃ បានវិលត្រឡប់មកកាន់ ស្រុកកំណើត ដោយពួកគាត់បានដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកពីក្រុមគ្រួសារ រយៈពេល ១៤ថ្ងៃ តាមការយល់ដឹងរបស់ពួកគាត់ ដើម្បីរួមចំណែកកាត់បន្ថយនូវការឆ្លងរាលដាល នៃជំងឺកូវីដ -១៩។

កំណើននៃការវិលត្រឡប់មកកាន់ស្រុកកំណើតវិញរបស់ប្រជាពលករដែលទៅធ្វើការនៅក្រៅប្រទេស គឺមានកំណើនជារៀងរាល់ថ្ងៃ ក្នុងអំឡុងពេលមុនពេលចូលឆ្នាំខ្មែរប៉ុន្មានថ្ងៃកន្លងទៅនេះ។ ការវិលមកពីបរទេសរបស់ប្រជាពលករ គឺចំពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ទាំងនៅក្នុងប្រទសកម្ពុជា ក៏ដូចជានៅទូទាំងពិភពលោក រួមទាំងប្រទេសថៃផងដែរ។

នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជម្ងឺឆ្លងកូវីដ-១៩ ខេត្តបានទទួលថវិកាពីសប្បុរសជនចំនួន ២ម៉ឺន១ពាន់ដុល្លារ ក្នុងការជួយទ្រទ្រង់ដល់គណៈកម្មការប្រឆាំងកូវីដ១៩ខេត្ត ពីបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានយកមកជូនដល់ក្រុមការងារគណៈកម្មការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ឆ្នាំង។ បន្ទាប់មក លោកក៏បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងពិនិត្យទីតាំងស្នាក់នៅដាច់ដោយឡែករបស់ពលករមកពីប្រទេសថៃចំនួន៦នាក់ នៅក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងផងដែរ។

នាឱកាសចុះសួសុខទុក្ខដល់ពលករមកពីប្រទេសថៃ លោក ឈួរ ច័ន្ទឌឿន បានថ្លែងបញ្ជាក់ថា ដើម្បីទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាព អាជ្ញាធរគ្រប់លំដាប់ថ្នាក់ចាប់ ពីរាជរដ្ឋាភិបាលក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ស្រុក ឃុំ និងថ្នាក់ភូមិ បានបន្តណែនាំដល់ប្រជាពលរដ្ឋចំណាកស្រុក ដែលទើបវិលត្រឡប់មកពីក្រៅប្រទេស សូមផ្តោតលើគោលការណ៍ របស់ក្រសួងសុខាភិបាលសំខាន់ៗរួមមាន ត្រូវរស់នៅដាច់ដោយឡែកពីគ្នា កុំប្រមូលផ្តុំក្នុង រយៈពេល១៤ថ្ងៃ នឹងត្រូវទៅពិនិត្យសុខភាពជាប្រចាំ ពិសេសចូលរួមធ្វើអនាម័យខ្លួនប្រាណ ហូបស្អាត ការរស់នៅស្អាត ឧស្សាហ៍លាងដៃនឹងសាប៊ូផង។

លោកបានបន្តថា អាជ្ញាធរខេត្តកំពង់ឆ្នាំងបានចាប់ផ្ដើមប្រជុំ និងកំណត់ជាបន្តបន្ទាប់យកអគារ សាលារៀន និងអគារសាធារណៈមួយចំនួនក្នុងខេត្ត ធ្វើជាទីតាំងសម្រាប់ការដាក់ឲ្យស្នាក់នៅដាច់ ដោយឡែក និងពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ ប្រសិនបើអត្រាឆ្លងមានកំណើនកើនឡើង។ វិធានការនេះបានដាក់ចេញ បន្ទាប់ពីមានបញ្ជាដោយផ្ទាល់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការរៀបចំទីតាំងទាំងនោះ ដើម្បីធានាថា វានឹងសមស្របសម្រាប់ការប្រើប្រាស់នៅក្នុងស្ថានភាពដ៏ចាំបាច់ ពិសេសអនុលោមតាមគោលការណ៍វេជ្ជសាស្ត្រ សុខាភិបាលដែលណែនាំដោយក្រសួង សុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក។

ក្នុងពេលក្រុមគណៈកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ចុះសួរសុខទុក្ខ ដល់ប្រជាពលករទាំងប្រាំមួយនាក់ខាងនេះក្រុមការងារក៏បាននាំយកនូវអំណោយទៅជូនផងដែរ។ ជាមួយគ្នានោះ ពលករមកពីប្រទេសថៃទាំងអស់បានសំដែងនូវការពេញចិត្ត និងសាទរដល់ក្រុមគណៈកម្មការ ជាពិសេសលោកអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ពីសុខភាពរបស់ពួកគាត់ ដោយមានក្រុមគ្រូពេទ្យបានចុះសួរនាំពីសុខភាពរបស់ពួក គាត់ជាប្រចាំមិនដែលខានផងនោះ៕