(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋ អាចធ្វើចរាចរដោយសេរីបាន រវាងភូមិសាស្រ្តក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

បើតាមសេចក្តីជូនដំណឹងមួយ ដែលចុះហត្ថលេខារួមគ្នា ដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចចាត់ទុកភូមិសាស្ត្ររាជធានីភ្នំពេញ និងភូមិសាស្ត្រខេត្តកណ្តាលជាតំបន់តែមួយ ដែលមិនស្ថិតនៅក្រោមវិសាលភាព នៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកនោះទេ។

ក្នុងន័យនេះ ប្រជាពលរដ្ឋដែលរស់នៅ និងស្នាក់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលទាំងអស់ អាចធ្វើចរាចរ និងធ្វើដំណើរទៅមករវាងភូមិសាស្ត្ររាជធានីភ្នំពេញ និងភូមិសាស្ត្រខេត្តកណ្តាល ក៏ដូចជាអាចធ្វើចរាចរ និងធ្វើដំណើរពីភូមិមួយ ទៅភូមិមួយ ពីសង្កាត់មួយ ទៅសង្កាត់មួយ ពីខណ្ឌមួយ ទៅខណ្ឌមួយ នៃរាជធានីភ្នំពេញ និងក្នុងភូមិសាស្ត្រខេត្តកណ្តាល ព្រមទាំងពីភូមិ សង្កាត់ ខណ្ឌ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទៅកាន់ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដោយគ្មានការហាមឃាត់ ឬរឹតត្បិតនៃការធ្វើដំណើរឡើយ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកណ្តាល៖