(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ដល់ នាយកដ្ឋានអង្គភាពជំនាញពាក់ព័ន្ធ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ក្ដាប់សភាពការណ៍ ប្រមូលផ្ដុំព័ត៌មាន ដើម្បីចាត់វិធានការច្បាប់ចំពោះសកម្មភាពញុះញង់ បំពុលសភាពការណ៍ បង្កចលាចល ប្រឆាំងនឹងបទបញ្ជា និងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល។

តាមរយៈសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានប្រាប់ប្រធានអង្គភាពទាំងអស់ត្រូវអប់រំ ណែនាំដល់កងកម្លាំង ដែលមានភារកិច្ចឈរជើងនៅគោលដៅហាមឃាត់ អំពីសីលធម៌ និងឥរិយាបថធ្វើការងារ ទំនាក់ទំនងជាមួយប្រជាពលរដ្ឋ និងហាមដាច់ខាតរាល់សកម្មភាពឆក់ឱកាសប្រព្រឹត្តល្មើសនឹងបទបញ្ជា និងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ទៀតថា អង្គភាពអន្ដរាគមន៍ អង្គភាពតម្រួតបទបញ្ជា និងនាយកដ្ឋាននគរបាលការពារ ត្រូវប្រកាសចំណុចខ្ពស់ ប្រមូលផ្ដុំ និងគ្រប់គ្រងកម្លាំងឲ្យបានហ្មត់ចត់ ព្រមទាំងត្រៀមមធ្យោបាយ ឧបករណ៍ សម្ភារ សម្រាប់អន្ដរាគមន៍គាំទ្រដល់រាជធានី-ខេត្ត នៅពេលមានសំណូមពរ ឬមានបទបញ្ជា។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានកែសម្រួលបទបញ្ជាថ្មី ដោយអនុវត្តឲ្យប្រជាពលរដ្ឋធ្វើដំណើរចេញចូលរាជធានីភ្នំពេញ និងខេត្តកណ្ដាល ហើយលុបចោលបំរាមការធ្វើដំណើរពីស្រុកមួយ ទៅស្រុកមួយ តែទុកបំរាមការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយនៅដដែល។ បំរាមនេះ ចាប់ផ្តើមអនុវត្តពីម៉ោង ២៤៖០០ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ម៉ោង ២៤៖០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការរីករាលដាល នៃការឆ្លងជំងឺ COVID-19៕