(ភ្នំពេញ)៖ បើទោះបីកំពុងជួបនឹងវិបត្តិយាយីដោយជំងឺកូវីដ១៩យ៉ាងណាក្តី តែកម្ពុជា និងចិន នៅតែបន្តប្រឹងប្រែងចរចានឹងគ្នាឆ្ពោះទៅសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា។ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០កន្លងទៅនេះ ក្រុមការងារនៃប្រទេសទាំងពីរ បានបើកិច្ចចរចាជុំទីពីរជាមួយគ្នាតាមរយៈវីដេអូអនឡាញ។

យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរក្នុងជុំទីពីរបានបិទបញ្ចប់ហើយ។ កិច្ចប្រជុំនេះភាគីកម្ពុជា ដឹកនាំដោយលោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងភាគីចិន ដឹកនាំដោយលោក យ៉ាង ចឹងវ៉ី អគ្គនាយករងក្រសួងពាណិជ្ជកម្មចិន។

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កិច្ចចរចាជុំទីពីរភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានដោយក្រុមការងារចរចាទាំង១០ក្រុម ដែលទទួលបានតាមរយៈការផ្លាស់ប្តូរយោបល់ និងចរចាយ៉ាងសកម្មតាមមធ្យោបាយអនឡាញ ទោះបីប្រទេសទាំងពីរកំពុងមមាញឹកក្នុងការអនុវត្តវិធានការការពារ និងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩ ក៏ដោយ។

ក្នុងកិច្ចចរចាក្រុមការងារទាំងពីរបានឯកភាពគ្នាលើជំពូកមួយចំនួនទាក់ទងកិច្ចសហប្រតិបត្តិការវិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស កិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ក្នុងសេចក្តីប្រកាសព័ត៌មានបន្ថែមថា ក្រុមការងារបានចរចា និងឯកភាពជាគោលការណ៍លើបញ្ហានានាដែលមិនទាន់បានដោះស្រាយមួយចំនួនផងដែរ។ ក្រុមការងារក៏បានកំណត់គោលការណ៍ និងដាក់ទិសដៅឱ្យក្រុមការងារតូចៗទាំង១០ យកទៅពិភាក្សាបន្ត ហើយរាយការណ៍ឱ្យប្រធានក្រុមចរចា មិនឱ្យលើសពីពាក់កណ្ដាលខែឧសភា ឆ្នាំ២០២០ ដើម្បីប្រធានក្រុមចរចានៃភាគីនីមួយៗ យកទៅពិភាក្សាផ្ទៃក្នុងរៀងៗខ្លួន សំដៅឈានដល់ការឯកភាពគ្នាទាំងស្រុង និងបញ្ចប់ការចរចាកិច្ចព្រមព្រៀងនេះ នៅខែមិថុនា ឆ្នាំ២០២០ តាមការគ្រោងទុក។

សូមបញ្ជាក់ថា ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន គឺជាគំនិតផ្តួចផ្តើមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក លី គឺជាំង (Li Keqiang) នាយករដ្ឋមន្ត្រីចិន នៅក្នុងជំនួបទ្វេភាគីនាថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ក្នុងគោលដៅពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ សម្រាប់ជាឧត្តមប្រយោជន៍នៃប្រជាជនរបស់ប្រទេសទាំងពីរ។

បន្ទាប់ពីគំនិតផ្តួចផ្តើមនេះ ក្រុមការងារនៃប្រទេសទាំងពីរបានផ្តើមការចរចាជុំទីមួយកាលពីថ្ងៃទី ២០-២១ ខែមករា ឆ្នាំ២០២០ នៅទីក្រុងប៉េកាំង ប្រទេសចិន៕

http://image.freshnewsasia.com/2020/id-021/April/fn-2020-04-11-20-21-49-0.JPG