(ភ្នំពេញ)៖ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន២នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងរហូតដល់៧៧នាក់ និងរកឃើញករណីឆ្លងថ្មី២នាក់។
ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដមានចំនួន៤៥នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។
ករណីជាសះស្បើយមាន២នាក់៖ បុរសជនជាតិម៉ាឡេស៊ី២នាក់ មានអាយុ៣៤ឆ្នាំ និងអាយុ៥៨ឆ្នាំ មកពីប្រទេសម៉ាឡេស៊ីធ្វើការងារ សាសនានៅតាមភូមិឃុំស្រុកកងមាស ខេត្តកំពង់ចាម បានជាសះស្បើយ ដោយទទួលបានលទ្ធតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន០២លើក និងត្រូវបានអនុញ្ញាត ឱ្យចេញពីមន្ទីរពេទ្យខេត្តកំពង់ចាម។
ករណីរកឃើញវីរុសកូរីដ១៩ថ្មី២នាក់៖
* ស្ត្រីជនជាតិវៀតណាម អាយុ២៤ឆ្នាំ ជាអ្នកទេសចរស្នាក់នៅបន្ទប់មួយ (Apartment) នៅផ្លូវលេខ៣០២ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ មានលទ្ធផលតេស្តវិជ្ជមានវីរុសកវីដ១៩ និងកំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែក្រោម។
* បុរសជនជាតិកាណាដា (ដើមកំណើតចិន) អាយុ៥០ឆ្នាំ ជាស្វាមីស្ត្រីជនជាតិវៀតណាមខាងលើបម្រើការនៅកាស៊ីណូ ក្នុងរាជធានីភ្នំពេញ មានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ១៩ និងកំពុងសម្រាកព្យាបាលនៅ មណ្ឌលសុខភាពចាក់អង្រែក្រោម៕