(ភ្នំពេញ)៖ អង្គការសុខភាពពិភពលោក (WHO) បានវាយតម្លៃខ្ពស់ចំពោះប្រទេសអាស៊ានបូក៣ ដែលបានចូលរួមប្រយុទ្ធប្រឆាំងបានយ៉ាងល្អជាមួយនឹងជំងឺកូវីដ១៩ ហើយចាត់ទុកថា កម្រិតនៃការឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ានបូក៣ មានអត្រាទាបបំផុត បើប្រៀបធៀបនឹងការឆ្លងជំងឺនេះលើពិភពលោកទាំងមូល។ នេះបើតាមប្រធាន WHO លោក Tedros Adhanom Ghebreyesus បានថ្លែងនៅក្នុងកិច្ចប្រជុំអាស៊ានបូក៣។
ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានបូក៣ (ASEAN+ចិន ជប៉ុន និងកូរ៉េខាងត្បូង) តាមរយៈ Video Conference ដែលជជែកផ្តោតជាសំខាន់ទៅលើបញ្ហា ដែលបង្កឡើងដោយជំងឺកូវីដ១៩ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ លោក Tedros បានឲ្យដឹងថា ពិភពលោកបានប្រែប្រួលយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលដ៏ខ្លីជាង ៤ខែនេះ។ លោកថ្លែងទៀតថា នេះគឺជាការរំលឹក ដល់ពិភពលោកយើងថា តើមានការតភ្ជាប់គ្នាយ៉ាងណា ហើយតើតំបន់នីមួយៗសំខាន់ប៉ុណ្ណា ដូចជាតំបន់របស់អាស៊ានបូក៣ មួយនេះ។
ប្រធាន WHO បានបន្ថែមថា ភាពដឹកនាំរបស់អាស៊ានបូក៣ មានសារៈសំខាន់ណាស់ បើគិតរហូតមកដល់ពេលនេះ ហើយវានឹងបន្តមានសារៈសំខាន់ថែមទៀតសម្រាប់ក្នុងតំបន់ និងពិភពលោកទាំងមូលផងដែរ។ ប្រទេសនៅក្នុងអាស៊ានបូក៣ បានខិតខំទប់ស្កាត់ជំងឺកូវីដ១៩ នេះតាំងពីដំបូង ហើយប្រទេសមួយចំនួន មិនទាន់មានការវាយប្រហារដ៏ធ្ងន់ធ្ងរ ពីមេរោគនេះនៅឡើយទេ។
លោក Tedros បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពិភពលោកទាំងមូល មានការឆ្លងនេះជាង ១,៧លានករណី ហើយជាង១០ម៉ឺននាក់ បានបាត់បង់ជីវិតរួចទៅហើយ។ ជារួមប្រទេសរបស់អ្នកទាំងអស់គ្នា ស្មើនឹងតិចជាង ៧% នៃករណីឆ្លងទាំងអស់ហើយតិចជាង ៤% នៃការស្លាប់។ ជាពិសេសជាការកត់សម្គាល់ ប្រទេសអាស៊ានបូក៣ គឺមិនមានការឆ្លងកាត់នូវការចម្លងនៅក្នុងសហគមន៍ខ្លាំងៗទេ ប៉ុន្តែស្ថានការណ៍នេះនឹងអាចប្តូរ»។
លោកព្រមានថា ប្រទេសនីមួយៗ ត្រូវតែបន្តប្រុងប្រយ័ត្នជានិច្ច នៅក្នុងកម្រិតនីមួយៗ នៃការឆ្លើយតបទៅនឹងជំងឺកូវីដ១៩នេះ។ លោកថែមទាំងជំរុញថា ប្រទេសនីមួយៗត្រូវតែមានការប្រើប្រាស់ វីធីខ្លួនឯងដែរ និងត្រូវប្រើប្រាស់ទាំងបរិការនយោបាយ ក៏ដូចជាសេដ្ឋកិច្ចសង្គមរបស់ខ្លួនរៀងៗខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ ប្រទេសសមាជិកអាស៊ានទាំង១០ មានអ្នកឆ្លងជំងឺកូវីដ១៩ ប្រមាណជាង២ម៉ឺននាក់ ក្នុងនោះ មនុស្សប្រមាណ៨៤៥នាក់បានស្លាប់បាត់បង់ជីវិត។ គិតត្រឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកឆ្លង ១២២ករណី, វៀតណាម ២៦៥ករណី, ថៃ ២៥៧៩នាក់ (ស្លាប់៤០នាក់), ឥណ្ឌូនេស៊ី ឆ្លង៤៥៥៧នាក់ (ស្លាប់៣៩៩នាក់), ម៉ាឡេស៊ី ៤៨១៧នាក់ (ស្លាប់៧៧នាក់), ហ្វីលីពីន ឆ្លង៤៩៣២នាក់ (ស្លាប់៣១៥នាក់), សិង្ហបុរីឆ្លង ២៩១៨ (ស្លាប់៩នាក់), មីយ៉ាន់ម៉ា ឆ្លង៦២នាក់ (ស្លាប់ ៤នាក់), ឡាវ ឆ្លង១៩នាក់ និងប្រុយណេ ឆ្លង១៣៦នាក់ (ស្លាប់១នាក់)។
បើគិតត្រឹមរសៀលម៉ោង៤ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះតែម្តង ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងរហូតដល់ ១,៩៣៤,១២៥ករណី ក្នុងនោះស្លាប់ ១២០,៤៣៧នាក់ នៅតាមប្រទេស-ដែនដីសរុបចំនួន ២១០ ទូទាំងពិភពលោក។ នេះបើយោងតាមទិន្នន័យពីគេហទំព័រ worldometer ៕