(ភ្នំពេញ)៖ ១៧ មេសា ឆ្នាំ២០២០នេះ ជារយៈ ៤៥ឆ្នាំហើយ នៃព្រឹត្តិការណ៍ដ៏សែនសោកសៅ និងសង្វេគក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ជាថ្ងៃដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដណ្តើមកាន់ប្រទេស ហើយអនុវត្តន៍នយោបាយជម្លៀសប្រជាពលរដ្ឋចេញពីភ្នំពេញ និងធ្វើទុក្ខទារុណកម្មសព្វបែបយ៉ាងលើប្រជាពលរដ្ឋខ្មែរ។
ព្រឹត្តិការណ៍ដ៏សែនឈឺចាប់មួយនេះ បើទោះបីវាបានកន្លងផុតទៅជិតកន្លះសតវត្សរ៍យ៉ាងណាក្តី តែវាមិនបានរសាត់បាត់ឆ្ងាយពីការចងចាំរបស់ប្រជាពលរដ្ឋដែលបានឆ្លងកាត់របបដ៏ឃោរឃៅនេះឡើយ។ អ្នកស្រី ហែល ហៀប ជាពលរដ្ឋខ្មែរមួយរូប ដែលបានឆ្លងកាត់នូវរបបនេះ ហើយអ្នកស្រីនៅចងចាំយ៉ាងច្បាស់ពីព្រឹត្តិការណ៍ជម្លៀសចេញពីរាជធានីភ្នំពេញ និងការធ្វើទារុណកម្មក្នុងរបបខ្មែរក្រហមលើក្រុមគ្រួសាររបស់អ្នកស្រី និងពលរដ្ឋខ្មែរដទៃទៀត។
អ្នកស្រី ហែល ហៀប បានរំលឹកថា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ អ្នកស្រី និងគ្រួសារ បានភៀសខ្លួនចេញពីលំនៅឋានក្នុងរាជធានីភ្នំពេញ តាមការបង្ខំរបស់កងទ័ពខ្មែរក្រហម ទៅកាន់ស្រុកកំណើតម្តាយរបស់អ្នកស្រីក្នុងខេត្តព្រៃវែង។ អ្នកស្រី បានរំលឹកថា អ្នកស្រី និងគ្រួសារ ចំណាយពេលកន្លះខែ ទើបធ្វើដំណើរដោយថ្មើរជើងទៅដល់ស្រុកកំណើត។
អ្នកស្រីរំលឹកទាំងឈឺចាប់ទៀតថា ពេលទៅដល់ស្រុកកំណើតអ្នកស្រី និងស្វាមី រងការធ្វើបាបសព្វបែបយ៉ាងពីកងទ័ពខ្មែរក្រហមដែលជាបងប្អូននឹងគ្នានោះ។ អ្នកស្រីបានរំលឹកទៀតថា ពេលទៅដល់ស្រុកភ្លាមៗ អ្នកស្រីត្រូវបង្ខំចិត្តកាត់សក់ដ៏វែងរបស់អ្នកស្រីតម្រូវចិត្តរបបខ្មែរក្រហម ហើយស្វាមីរបស់អ្នកស្រីត្រូវគេបង្ខំឱ្យអាកសត្វឆ្កែជាដើម។
បន្ទាប់ពីរស់នៅស្រុកកំណើតខាងម្តាយបានមួយរយៈពេលខ្លី អ្នកស្រីក៏បានភៀសខ្លួនទៅស្រុកខាងឪពុកវិញ ដែលមានចម្ងាយពីគ្នាជិត១០គីឡូ។ ការភៀសខ្លួននេះ ដើម្បីគេចមុខពីអ្នកស្គាល់ ក៏ដូចជាបងប្អូនខាងម្តាយរបស់អ្នកស្រី ដែលជាការគំរាមកំហែងដល់ជីវិតរបស់អ្នកស្រី និងគ្រួសារ ក្នុងនាមជាអ្នកភ្នំពេញ ឬជាពួកសក្តិភូមិតាមការចោទនៃរបបខ្មែរក្រហមនោះ។
អ្នកស្រី ហែល ហៀប ក៏នៅចងចាំរឿងរ៉ាវវេទនាជាច្រើនទៀតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលកើតមានលើអ្នកស្រី និងគ្រួសារ។ អ្នកស្រី បានរំលឹកថា រឿងរន្ធត់ចិត្តបំផុតសម្រាប់អ្នកស្រីនោះ គឺគេយកស្វាមីអ្នកស្ត្រីទៅអូសរទេះជំនួសគោ ហើយយកបន្ទះក្តារភ្ជាប់ជាមួយដែកគោលវាយទៅលើស្វាមីរបស់អ្នកស្រីបែកឈាមកក្លាក់។
ដើម្បីបានជ្រាបច្បាស់ថា តើអ្នកស្រី ហែល ហៀប និងគ្រួសាររងទុក្ខវេទនាខ្លោចផ្សាយ៉ាងណានៅក្នុងរបបខ្មែរក្រហមនោះ? សូមទស្សនាការរៀបរាប់របស់អ្នកស្រី ក្នុងវីដេអូខ្លីមួយដែលរៀបចំដោយមជ្ឍមណ្ឌលឯកសារកម្ពុជា DC-CAM៖