(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា ថវិកាដែលសប្បុរសជនបានបរិច្ចាគដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងដោះស្រាយបញ្ហាផ្សេងៗនោះ មានចំនួនប្រមាណ ១៣,៥៩៧,២៩៥ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់លើទំព័រ Facebook ទៀតថា ក្រៅពីបរិច្ចាគថវិកា ក៏នៅមានសប្បុរសជនផ្តល់ជំនួយជាសម្ភារ បរិក្ខារជាច្រើនទៀត ដូចជាម៉ាស អាកុល សាប៊ូ សម្ភារពេទ្យជាដើម។ បើតាមសម្តេចតេជោ សម្ភារទាំងនេះមានតម្លៃរាប់លានដុល្លារអាមេរិក។
ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលរាតត្បាតនៅកម្ពុជានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន, ប្រធានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ, ប្រធានរដ្ឋសភាសម្តេចពញាចក្រី ហេង សំរិន ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏បានបរិច្ចាគប្រាក់បៀវត្សទៅគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ មន្ត្រីរាជការពីគ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទចំនួន ១៤,៧៥១នាក់ហើយ បានបរិច្ចាគប្រាក់បៀវត្សជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយនៅសល់មួយចំនួនទៀតដែលកំពុងផ្ទៀងផ្ទាត់នៅក្រសួងមុខងារសារធារណៈ។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការបរិច្ចាគថវិការបស់សប្បុរសជន និងប្រាក់បៀបវត្សរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនេះ ជាចលនាជាតិដ៏ខ្លាំងក្លាមួយរបស់ប្រជាជនកម្ពុជាក្នុងការប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណថ្វាយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ។ សម្តេចតេជោ ក៏បាន ថ្លែងអំណរព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ និងអរគុណជនរួមជាតិ មន្ត្រីរាជការគ្រប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានចូលរួមក្នុងចលនាជាតិដ៏ធំមួយនេះ៕