(ភ្នំពេញ)៖ លោក ផៃ ស៉ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ បានលើកឡើងថា ការធ្វើច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាមានអាសន្ន គឺគោរពតាមឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ មិនមែនធ្វើឡើងតាមការទាមទារ ឬការចង់បានរបស់អង្គក្រៅរដ្ឋាភិបាលណាមួយនោះទេ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងធម្មការ និងសាសនា» លោក ផៃ ស៉ីផាន បានអះអាងថា ច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាមានអាសន្ននេះទៀតសោធ ក៏ដើម្បីការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ មិនមែនបង្កើតមកដើម្បីប្រឆាំងជាមួយប្រជាពលរដ្ឋណាម្នាក់នោះទេ។
លោក ផៃ ស៉ីផាន បានថ្លែងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលរបស់សម្ដេចតេជោ ហ៊ុន សែន គឺធ្វើទៅតាមឆន្ទៈរួមរបស់មហាជន អ្វីដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ។ នៅក្នុងច្បាប់នេះ គឺមិនមែនជាច្បាប់ដែលយកទិសដៅប្រឆាំងជាមួយប្រជាពលរដ្ឋទេ មិនមែនយកប្រជាពលរដ្ឋជាខ្មាំងនោះទេ គឺជាការឆ្លើយតបនឹងអ្វីទៅជា ឆន្ទៈរបស់មហាជន មិនមែនឆ្លើយតបអង្គការក្រៅរដ្ឋាភិបាល មិនមែនឆ្លើយតបឆន្ទៈរបស់អង្គការសិទ្ធិមនុស្សនានាទេ»។
អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានគូសបញ្ជាក់ទៀតថា ប្រសិនបើប្រទេសមួយគ្មានច្បាប់ មិនមែនហៅថាប្រទេសនីតិរដ្ឋនោះទេ ដូច្នេះការធ្វើច្បាប់នេះ គឺស្ថិតក្នុងអំណាចនីតិរដ្ឋ ដែលមានច្បាប់មួយគ្រប់គ្រាន់។ ប៉ុន្ដែវិធាននៃការប្រកាសអាសន្ន គឺមានកត្តាជាច្រើនណាស់ដែលត្រូវឯកភាពរួមគ្នា រួមមាន រាជរដ្ឋាភិបាល, រដ្ឋសភា និងព្រឹទ្ធសភា ទើបឆ្លងក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ។
បើតាមការលើកឡើងរបស់លោក ផៃ ស៉ីផាន អ្នកដែលមិនចង់បានច្បាប់ស្ដីពីការ គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន គឺជាជនទុច្ចរិត ចេតនាចង់បង្កហេតុមួយ ដើម្បីបង្កភាពចលាចលក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា សមាជិកព្រឹទ្ធសភាចំនួន ៥៤រូបលើ៥៤រូប ដែលបានចូលរួមកិច្ចប្រជុំវិសាមញ្ញព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ បានអនុម័តគាំទ្រទាំងស្រុងហើយ លើសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ដើម្បីបើកផ្លូវឱ្យសេចក្តីព្រាងច្បាប់នេះ ឈានទៅដល់ការប្រកាសឱ្យប្រើប្រាស់នៅពេលដ៏ខ្លីខាងមុខ។
សម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់នេះ បានធ្វើឡើងក្រោមអធិបតីភាព លោក ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា ដោយមានការចូលរួមពីសមាជិកព្រឹទ្ធសភា៥៤រូប និងមានការឡើងការពារសេចក្តីព្រាងច្បាប់នេះ ដោយ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ផងដែរ។
«សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» មាន៥ជំពូក និង១២មាត្រា ដែលរៀបចំដោយរាជរដ្ឋាភិបាល ដើម្បីដឹកនាំប្រទេសជាតិពេលដាក់ឱ្យស្ថិតនៅក្នុងភាពអាសន្ន ត្រូវបានរដ្ឋសភាអនុម័តហើយ នៅក្នុងកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។
បន្ទាប់ពីពិនិត្យ និងឱ្យយោបល់គាំទ្រដោយ ព្រឹទ្ធសភាហើយ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យមើលធម្មនុញ្ញភាព មុននឹងដាក់ថ្វាយព្រះមហាក្សត្រដើម្បីប្រកាសឱ្យប្រើប្រាស់។
«សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» នឹងផ្តល់ជាមូលដ្ឋានគតិយុត្ត ដើម្បីធានាដល់ការអនុវត្តមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញ និងជាមូលដ្ឋានគតិយុត្តកំណត់សិទ្ធិអំណាចរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរបស់ប្រទេសក្នុងភាពអាសន្ន សំដៅការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពាំរទ្រព្យសម្បត្តិ និងបរិស្ថាន។
សេចក្តីព្រាងច្បាប់នេះ ក៏នឹងកំណត់នូវបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ព្រមទាំងវិធានការចាំបាច់នានា ដែលរាជរដ្ឋាភិបាលមានសិទ្ធិដាក់ចេញក្នុងពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ ការដាក់ប្រទេសជាតិក្នុងភាពអាសន្ន អាចធ្វើឡើងនៅពេលប្រជាជាតិ ប្រឈមមុខនឹងគ្រោះថ្នាក់ជាអាទិ៍ គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈ បណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស៕