(ភ្នំពេញ)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១នៃកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងទទួលអំណោយជាអាកុលចំនួន ២ម៉ឺនលីត្រ ពីរោងចក្រ HM Bio-Energy សម្រាប់ប្រើប្រាស់ពេលបំពេញការងារមនុស្សធម៌ និងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ពិធីនេះប្រគល់-ទទួលនេះ បានប្រព្រឹត្ដទៅនៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ ។
ក្នុងឱកាសចូលជួបសំណេះសំណាលនេះ លោកស្រី ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍របស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ រួមជាមួយនឹងក្ដីស្រលាញ់នឹករលឹក ជាពិសេស ថ្លែងអំណរគុណដល់ក្រុមហ៊ុនខាងលើនេះ ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ សង្គ្រោះពលរដ្ឋងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅកម្ពុជា។
លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងឱ្យដឹងថា បច្ចុប្បន្ននេះ ក្រៅពីគ្រោះមហន្ដរាយធម្មជាតិ នៅលើសកលលោក ក៏កំពុងតែរួមគ្នាការពារទប់ស្កាត់ វីរុសកូវីដ-១៩ (COVID-19) ដែលកំពុងរាតត្បាតលើសកលលោកនេះផងដែរ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ និងឆ្លង កាន់តែមានចំនួនកើនឡើងពីមួយទៅមួយថ្ងៃ។
ដើម្បីចូលរួមទប់ស្កាត់ការពារប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩នេះ កាកបាទក្រហមកម្ពុជា ក៏បានចូលរួមផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋកម្ពុជាយើងបន្ថែមទៀត ពីវិធានការការពារ រោគសញ្ញានៃជំងឺនេះ ជាពិសេសអនុវត្ដទៅតាមអប់រំរបស់ក្រសួងសុខាភិបាលដែលបានប្រកាស ចៀសវាងការធ្វេសប្រហែស ដែលអាចប្រឈមនឹងការឆ្លងវីរុសកូវីដ-១៩នេះ ដែលជាជំងឺដ៏កាចសាហាវមួយដែលងាយឆ្លង និងសម្លាប់មនុស្ស ទោះមានករណីអាចព្យាបាលឱ្យជាសះស្បើយវិញក៏ដោយ។
ក្នុងឱកាសដែលក្រុមហ៊ុន HM Bio-Energy ដែលបានផ្ដល់អាកុលនេះ កាកបាទក្រហមកម្ពុជា នឹងចែកជូនប្រជាពលរដ្ឋ និងក្រុមការងារ ពេលបំពេញការងារមនុស្សធម៌ ដែលនេះបានចូលរួមចំណែកដ៏សំខាន់ ក្នុងការចូលរួមបង្កើនសុវត្ថិភាពដល់ប្រជាពលរដ្ឋយើង ពីហានិភ័យផ្សេងៗ។
ទន្ទឹមនឹងនោះ តំណាងនៃក្រុមហ៊ុន HM Bio-Energy ក៏បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ដែលអនុញ្ញាតឱ្យក្រុមហ៊ុន បានចូលរួមចំណែកក្នុងការងារមនុស្សធម៌ ដោយជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅកម្ពុជា៕